ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ីបានចេញបទប្បញ្ញត្តិថ្មីមួយទៅលើជនជាតិឥណ្ឌូណេស៊ី និងជនបរទេសដែលធ្វើដំណើរតាមយន្តហោះចូលទៅក្នុងប្រទេសនោះសម្រាប់ការធ្វើទេសចរណ៍ ដែលជាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រោមច្បាប់ដែលបានចូលជាធរមានកាលពីថ្ងៃទី៣ ខែកុម្ភៈនេះ ជនជាតិឥណ្ឌូនេស៊ី និងជនបរទេសដែលធ្វើដំណើរចូល ឬចេញពីប្រទេសឥណ្ឌូណេស៊ីសម្រាប់គោលបំណងទេសចរណ៍មិនអាចប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅជាយទីក្រុងហ្សាការតាបានទេ។
លោក Novie Riyanto អគ្គនាយកអាកាសចរណ៍ស៊ីវិលនៃក្រសួងនេះបាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈថា ផ្ទុយទៅវិញ ពួកគេត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាកាសយានដ្ឋានតែបីប៉ុណ្ណោះ គឺអាកាសយានដ្ឋាន I Gusti Ngurah Rai នៅកោះបាលី អាកាសយានដ្ឋាន Hang Nadim នៅក្នុងទីក្រុង Batam និងអាកាសយានដ្ឋាន Raja Haji Fisabilillah នៅក្នុងទីក្រុង Tanjung Pinang។
អ្នកទេសចរបរទេសដែលមកប្រទេសឥណ្ឌូណេស៊ីត្រូវតែមានទិដ្ឋាការទេសចរណ៍រយៈពេលខ្លី ឬលិខិតអនុញ្ញាតចូលផ្សេងទៀតក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន មានការធានារ៉ាប់រងសុខភាពជាមួយនឹងការធានារ៉ាប់រងអប្បបរមា ២៥ ០០០ដុល្លារអាម៉េរិក និងបង្ហាញភស្តុតាងនៃការកក់បន្ទប់សណ្ឋាគារស្នាក់នៅដែលបានបង់ប្រាក់រួច។
មន្រ្តីរូបនោះបាននិយាយថា ក្រសួងដឹកជញ្ជូននឹងត្រួតពិនិត្យទៅលើប្រតិបត្តិការដឹកជញ្ជូនតាមអាកាស និងអ្នកដំណើរទាំងអស់ ខណៈដែលបណ្តាក្រុមហ៊ុនអាកាសចរណ៍បានផ្តល់នូវបញ្ជីឈ្មោះអ្នកដំណើរ និងអាកាសយានិកទាំងអស់សម្រាប់ការអនុញ្ញាតិចូលទៅក្នុងអាកាសយានដ្ឋាន៕