ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងក្រសួងព័ត៌មាន ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាពផ្សព្វផ្សាយឱ្យបានល្អ ពាក់ព័ន្ធទៅនឹងអាស៊ាននិងព័ត៌មានផ្សេងៗផងដែរ។
ក្នុងឱកាសកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់អនុសាសន៍ណែនាំទៅដល់អគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកទៅលើការងារតាមជំនាញនីមួយៗ ត្រូវយកចិត្តទុកដាក់ ដោយផ្ដោតទៅលើការងារសំខាន់ៗរបស់ខ្លួនព្រោះដោយ សារចាប់ពីពេលនេះទៅព្រះរាជាណាចក្រកម្ពុជាយើងនឹងរៀបចំកិច្ចប្រជុំជាច្រើនពាក់ព័ត៌មាននឹងអាស៊ាន ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ដថា អង្គភាពផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានត្រូវធ្វើយ៉ាងណាពង្រឹងនិងយកចិត្តទុកដាក់នៅក្នុងការបង្កើននូវគុណភាពផ្សព្វផ្សាយរបស់ខ្លួនពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងអាស៊ាន ក៏ដូចជាពាក់ព័ន្ធទៅនឹងការត្រៀមរៀបចំការផ្សាយព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងអាស៊ាននេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដោយសារតែមានការឯកភាពជាគោលការណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយនៅឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិផងដែរ ដូច្នេះឯកឧត្តមបានណែនាំទៅ ដល់ថ្នាក់ដឹកនាំក៏ដូចជាអគ្គនាយកដ្ឋានជំនាញត្រូវបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំការប្រកួតរ៉ូបូតឆ្នាំ២០២៣ ហើយធ្វើយ៉ាងណាធ្វើការប្រាស្រ័យទំនាក់ទំនងជាមួយភាគីខាងABU ជាពិសេសគឺខាងភាគី ជប៉ុន ដើម្បីសម្របសម្រួលនិងសហការគ្នាឱ្យការរៀបចំព្រឹត្តិការណ៍នេះ អាចប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ក៏ដូចជាការលើកកម្ពស់មុខមាត់របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងសម័យនៃការរីកចម្រើនបច្ចេកវិទ្យាផងដែរ៕