យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ សម្រេចបានចំនួន ៥ ០៨៨ ៤១៣ នាក់ និងដូសទី៤ សម្រេចបានចំនួន ៥១៣ ០៣៣ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០៨ ២១០ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៦១ ៣៤៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០៨% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៩ ៧៨៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៤ ២០៣ នាក់ ដែលស្មើនឹង ៩៩.៥៩% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១២ ០៤០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៤ ៩៩១ នាក់ ដែលស្មើនឹង ១០៦.០៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៥ ២៤៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៩ ៦៤៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.៨៨%។
សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ១៤ ៣៦៥ ០៨២ នាក់ ដែលស្មើនឹង ៨៩.៧៨% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕