អ្នកជំនាញដាំកាហ្វេនៅខេត្តមណ្ឌលគិរីបានចែក រំលែកបទពិសោធន៏ដាំកាហ្វេ ដែលទទួលបានទិន្នផលល្អនិងមានគុណភាពឈ្ងុយឆ្ងាញ់ ដើម្បីបំពេញតម្រូវការអតិថិជន ខណៈដែលបច្ចុប្បន្នមានអតិថិជនជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេសមានតម្រូវការសម្រាប់យកមកកែច្នៃធ្វើកាហ្វេសម្រាប់ឆុង និងធ្វើសម្រាប់នាំចេញជាដើម។
លោកស្រី មាស មករា ស្ថិត នៅក្នុងភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រតា ខេត្ត មណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកកសិកម្មផ្នែកដាំកាហ្វេនេះអស់រយៈពេលជា៩ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន និងបានជួយលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសបានមួយផ្នែកផង ។
លោកស្រីបន្តថា ដំណាំកាហ្វេគឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទី ផ្សារ មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសទេ ជាពិសេសកាហ្វេគឺមានអត្ថប្រយោជន៍សម្រាប់រាងកាយមនុស្សដូចជា៖ ១.ជួយកាត់បន្ថយការ ប្រឈមមុខ នឹងរោគទឹកនោមផ្អែម ចំពោះ ស្ត្រីប្រសិនបើ ទទួលទានការហ្វេ ពី៤កែវឡើងទៅ ក្នុងមួយថ្ងៃ ការធ្លាក់ចុះនៃ ជំងឺមហារីក សុដន់ ដល់ ទៅ ៤០%។២.ជួយសម្អាតបញ្ចេញ សត្វបរាសិត ដែលរស់នៅក្នុងរាងកាយ ៣.ធ្វើឱ្យមានអាយុវែង ៤.ធ្វើឱ្យមានភាពវៃឆ្លាត ៥. ជួយកាត់ បន្ថយ នឹងការប្រឈមមុខ នឹងជំងឺថ្លើម ដូចជាជំងឺមហារីក ថ្លើម ឬ ការធ្លាក់ថ្លើម ជាដើម ៦.កាត់បន្ថយ ជម្ងឺសន្លាក់ ៧. ជួយបន្ថយ ការរលាកដែលត្រូវបានបង្កឡើង ដោយជំងឺរលាកសន្លាក់ និងកម្ចាត់ជាតិពុល ហើយក៏អាចប្រឆាំងនឹងការឡើងទម្ងន់ ផងដែរ។
លោកស្រីបន្ថែមថា សម្រាប់កាហ្វេដែលកំពុងដាំនេះផងដែល គឺនាំយកពូជមកពីប្រេស៊ីល កូឡំប៊ី ដើម្បីយកផ្សាំជាពូជ និងដាំជាមែកពូជ សម្រាប់បង្កាត់ពូជដាំនៅក្នុងស្រុក។
លោកស្រីបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ដាំកាហ្វេ គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ជាមុនសិន ពីបច្ចេកទេសដាំ ការដាក់ជី ការប្រើប្រាស់ទឹក និង ការជ្រើសរើសយកប្រភេទពូជណា ដែលធន់នឹងការប្រែ ប្រួលអាកាធាតុ ហើយត្រូវដាក់ជីទៅតាមអាយុកាលរបស់វា ដើម្បីទទួលបានទិន្ធផលខ្ពស់ ទទួលបានតម្លៃល្អ ងាយស្រួលក្នុងការរកទីផ្សារ។
ចង់ឱ្យមានការយល់ដឹងគាត់ងាកមកដាំកាហ្វេព្រោះអីទីផ្សារនៅស្រុកខ្មែរអត់គ្រប់ទេរាល់ថ្ងៃយើងនាំចូលចូលទីមួយហើយទីពីរសំណូមពរពួកគាត់ពេលយើងដាំចឹងកុំឱ្យប្រើជីគីមីតាមគេគឺយើងត្រូវប្រើជីធម្មជាតិហើយយើងផ្គត់ផ្គង់តែក្នុងស្រុកយើងទៅបងមានតែប៉ុននឹងចង់ឱ្យគាត់ងាកមកដាំកាហ្វេកុំឱ្យជឿតាមគេថាដាំកាហ្វេអត់មានទីផ្សារតាមពិតទៅកាហ្វេគឺមានទីផ្សារ។
លោកស្រី បន្ថែមថា ដំណាំកាហ្វេអាចប្រមូលផលបានល្អក្នុងឆ្នាំទី៤ដោយក្នុងមួយឆ្នាំអាចប្រមូលផលបាន៤ទៅ៥តោនក្នុងទំហំផ្ទៃដី១០ហិចតា។សម្រាប់តម្លៃវិញគឺផ្លែកាហ្វេស្រស់ក្នុង១ គីឡូតម្លៃ៤ដុល្លារ កាហ្វេគ្រាប់ស្ងួតតម្លៃ៥ដុល្លារក្នុង១គីឡូ និងកាហ្វេកិនរួច៨ដុល្លារក្នុង១គីឡូ។
សូមបញ្ជាក់ថា លោកស្រី បានចាប់ផ្ដើមដាំកាហ្វេតាំងពីឆ្នាំ២០១៤ និងមានសមាជិក ២០នាក់ ដែលមានផ្ទៃដីដាំ ដំណាំកាហ្វេសរុប ១០ហិកតា នៅខេត្តមណ្ឌលគិរី ៕