ការប្រមូលផលស្រូវប្រាំងក្នុងខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណ៣០ភាគរយហើយ លើផ្ទៃដីសរុបប្រមាណជាង១ ម៉ឺនហិកតា ។
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឱ្យដឹងថា មកដល់ពេលនេះកសិករក្នុងខេត្ត បានប្រមូលផលស្រូវប្រាំងសម្រេចបានប្រមាណ៣៥៧០ហិកតាហើយ ស្មើនឹងជិត៣០ភាគ រយ លើផ្ទៃដីសរុបចំនួន ១១៩៥០ហិកតា ដោយទទួលបានទិន្នផលជាមធ្យមពី៤ ទៅ៤,៥តោនក្នុង១ហិកតា។
លោកបានបន្តថា ស្រូវប្រាំងដែលកសិករកំពុងតែប្រមូលផលនាពេលនេះ សុទ្ធសឹងតែជាប្រភេទពូជស្រូវដែលបានដាំដុះជារៀងរាល់ឆ្នាំ ហើយទទួលបានទន្និផលល្អប្រសើរ និងមានទីផ្សារ ដែលរួមមាន ៖ ស្រូវប្រភេទ៥១៥៤ OM៥១៥៤ OM៥០៤ ER៤៩ ជាដើម ។
សំឡេង ៖ « សម្រាប់ខេត្តត្បូងឃ្មុំគឺគិតមកដល់ពេលនេះ យើងប្រមូលផលស្រូវរដូវប្រាំងបានប្រមាណ ៣៥៧០ហិកតាហើយ បើគិតជាភាគរយគឺស្មើនឹងប្រមាណ ២៩.៨៧ភាគរយ ហើយផ្ទៃដីដែលបានដាំដុះស្រូវប្រាំងនេះ គឺមាន១១៩៥០ហិកតាហើយ ដែលក្នុងនោះទទួលបានទិន្នផលជាមធ្យមគឺ ៤,៥ តោនក្នុង១ហិកតា ចំពោះប្រភេទពូជស្រូវដែលប្រជាកសិករបានធ្វើការដាំដុះនៅក្នុងខេត្តនេះ គឺមានពូជស្រូវស្រាល ៥១៥៤ OM៥១៥៤ OM៥០៤ និងER៤៩ ដែលនេះគឺជាប្រភេទពូជស្រូវដែលកសិករយើងបានធ្វើការដាំដុះ » ។
លោកប្រធាន ក៏បានអំពាវនាវឱ្យកសិករទាំងអស់ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ពួកគាត់គួរតែពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងការទុកដីទំនេរចោល ជាពិសេសប្រជាកសិករត្រូវតែចេះស្វែងយល់ពីបច្ចេកទេសឱ្យបានច្បាស់លាស់មុននឹងធ្វើការដាំដុះ ជាពិសេសត្រូវយកចិត្តទុកដាក់លើដំណាំដែលបានដាំដុះរួចរាល់ដោយត្រូវឧស្សាហ៍ចុះត្រួតពិនិត្យដំណាំជាប្រចាំ ដើម្បីទទួលបានទិន្នផលល្អ ៕