រាជធានីភ្នំពេញ៖ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំង នៃបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។
ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា «បីតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕