កំពង់ចាម៖នៅថ្ងៃ អាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកកងមាស និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST មួយខ្សែប្រវែង ២៧,៣៥០ម៉ែត្រ ដែលជាប្រភពថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។
មន្ត្រីបច្ចេកទេសបានជម្រាបជូនឯកឧត្តម អភិបាលខេត្តថា ផ្លូវ១ខ្សែខាងលើនេះ គឺឆ្លងកាត់ឃុំចំនួនបី រួមមាន: ឃុំព្រែកកុយ,កងតាណឹង និងឃុំសូគង នៃស្រុកកងមាស ហើយផ្លូវ១ខ្សែនេះនឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ ២០២២ ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ សំដៅធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើ ប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការត្រួតពិនិត្យផ្លូវខាងលើយកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវដ៏មាន សារសំខាន់១ខ្សែនេះរួចរាល់តាមការគ្រោងទុក។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យសំណង់ទប់ច្រាំងព្រែកកុយ ប្រវែងម្រមាណ៤០០ ម៉ែត្រ ដែលសម្រេចការសាងសង់រួចរាល់ជាស្ថាពរ៕