មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបន្តក្រើនរំលឹកប្រជាពលរដ្ឋបង្កើនការអនុវត្តន៍ជាចាំបាច់ នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ ដើម្បីផ្តល់ក្តីស្រឡាញ់ដល់អ្នកជាទីស្រឡាញ់របស់ខ្លួននៅក្នុងបរិបទប្រយុទ្ធជាមួយជំងឺកូវីដ១៩។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ថ្ងៃនៃសេចក្ដីស្រឡាញ់១៤កុម្ភៈ មិនមែនជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនោះទេ ក៏ប៉ុន្តែតាមការសង្កេតជារៀងរាល់ឆ្នាំ តែងតែមានប្រជាពលរដ្ឋ ជាពិសេស យុវវ័យមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ធ្វើជាការជួបជុំគ្នាពិសាអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្ដីស្រឡាញ់របស់ខ្លួនជូនទៅដល់បុគ្គលណាម្នាក់ អ្នកដែលខ្លួនស្រឡាញ់ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុងនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ពីព្រោះវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។ លោកជំទាវបន្ថែមថា ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅ ក្នុង ចំណោមក្រុមមនុស្សដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុខាភិបាលដែលបង្កជាឱកាសធ្វើឱ្យមានការ ចម្លងបន្តគ្នា នឹងបាននាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយជាដើមដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណីឈឺធ្ងន់ ត្រូវការ សម្រាកពេទ្យ និងស្លាប់ជាដើម។
លោកជំទាវបានក្រើនរំលឹកប្រជាពលរដ្ឋជាពិសេសយុវវ័យទាំងអស់ កុំភ្លេចខ្លួនឱ្យសោះថាបច្ចុប្បន្ននេះអូមីក្រុងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍ នឹងត្រូវបានរកឃើញជាបន្ត បន្ទាប់ដែលគួរឱ្យមានការព្រួយបារម្ភ។ ហេតុដូចនេះប្រជាពលរដ្ឋ ជាពិសេសយុវជន-យុវនារី មិនត្រូវព្រងើយកន្តើយ ឬមិនអើពើទៅនឹងការចូលរួមទប់ស្កាត់ការឆ្លងរាតក្បាត ជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ១៩ជាពិសេសដូសទី៣ឱ្យបានគ្រប់ៗគ្នា។
សំឡេង៖ «នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ជាពិសេសអូមីក្រុងនេះ សូមបងប្អូននិងយុវវ័យទាំងអស់កុំភ្លេចខ្លួនឱ្យសោះថា អូមីក្រុងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើងរួចទៅហើយ ហើយយើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយឬក៏មិនអើពើទៅនឹងការចូលរួមទប់ស្កាត់ការឆ្លងរាតក្បាតជំងឺដ៏កាចសាហាវនេះដែរ យើងត្រូវបង្កើននូវសកម្មភាពចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំ និង នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសដូសទី៣ឬដូសជំរុញឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្ដីស្រឡាញ់ជូនទៅដល់ពួកគាត់នាពេលនេះ ព្រោះវ៉ាក់សាំងកូវីដ១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តឱ្យបានត្រឹមត្រូវ ពិតជាជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រឡាញ់របស់យើង។សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយទៅដល់មនុស្សជាទីស្រឡាញ់ទាំងឡាយ ទាំងក្ដីស្រឡាញ់ផ្ទាល់ខ្លួន ក្ដីស្រឡាញ់ក្រុមគ្រួសារនិងផ្ដល់នូវកិច្ចការពារសុខភាពពីជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់យើងឱ្យបានគ្រប់គ្នា កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់យើងបានយូរអង្វែង ។ ដូចនេះសូមកុំឱ្យមានការ ស្ដាយក្រោយ ដោយសារតែការធ្វេសប្រហែសរបស់យើង សូម នាំគ្នាចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ទាំងអស់គ្នាចាប់ពីឥឡូវនេះតទៅ។»
លោកជំទាវអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ ជាពិសេស យុវជន-យុវនារី ត្រូវរួមគ្នាចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ ដោយការទទួលខុសត្រូវ លើគ្រប់សកម្មភាពនៃការរស់នៅ និងត្រូវប្រែក្លាយថ្ងៃនៃសេចក្តីស្រឡាញ់ ជាថ្ងៃបង្ហាញការចូលរួម និងការយកចិត្តទុកដាក់ក្នុងការការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន ពីវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង ៕