រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៦៤.៩៩៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយដែលជាសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន និងអង្គការ ក្រៅរដ្ឋាភិបាល បេះដូងមាស។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារ មានពិការភាព តាមរយៈការពង្រឹងការអនុវត្តន៍ក្នុងតំបន់គំរូ និងការអភិវឌ្ឍន៍ប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ឆ្នាំទី៣ ដែល មានថវិកាជំនួយជាង២៦ម៉ឺនដុល្លារ។ នៅក្នុងគម្រោងនេះ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន នឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តន៍ការអប់រំ បរិយាប័ន្ន និងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការថ្នាក់ រដ្ឋបាលឃុំ។
ចំណែកគម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឆ្នាំទី៣ មានថវិកាជំនួយជាង៣៩ម៉ឺនដុល្លារ ដែលអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នឹងរៀបចំវគ្គសិក្សាអប់រំកាយរយៈពេល៤ឆ្នាំ នៅថ្នាក់សាកលវិទ្យាល័យ តាមរយៈការបង្កើតប្រព័ន្ធ ដើម្បីផ្តល់កម្មវិធីរយៈពេល៤ឆ្នាំ ការបណ្តុះបណ្តាលគ្រូ និងការដំឡើងបរិក្ខារសម្រាប់ការអប់រំកាយ។
តាមរយៈគម្រោងនេះ បុគ្គលិកចំនួន៦៤នាក់ និងសិក្ខាកាមគ្រូបង្រៀនប្រហែល២០០នាក់ នៃវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិស្ថានសិក្សាកាន់តែប្រសើរឡើងសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ រំពឹងថាសិស្សានុសិស្សជាង៩៨ម៉ឺននាក់ នៅកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។
គួររំឭកថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំនោះមក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៤៦លានដុល្លារ ដល់គម្រោងចំនួន១៤១ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕