ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរជាមួយនឹងការរកឃើញម្ចាស់ជើងឯកលើវិញ្ញាសាទំាង៤ប្រកបដោយគុណភាព ក្រោយដំណើរការប្រកួតរយៈពេល៣ថ្ងៃ ថ្មីៗកន្លងមកនេះ នៅឆ្នេររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមលទ្ធផលរបស់មន្ត្រីគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាទូកក្តោងកម្ពុជាលើវិញ្ញាសាចំនួន៤នេះ រួមមាន៖ វិញ្ញាសា Windsurfing RS: One ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ប៉ាល់ សិលា, លេខ២ កីឡាករ សែម ប្រុសពៅ, លេខ៣ កីឡាករ ហេន សុភី។ វិញ្ញាសា Windsurfing Techno 293 ចំណាត់ថ្នាក់លេខ១ កីឡាករ កែវ ភារុណ, លេខ២ កីឡាករ កែវ ភានុន, លេខ៣ កីឡាករ សុខ គុយសៀន។ វិញ្ញាសា Laser Byte ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ស៊ុន ចាន់ឌឿន, លេខ២ កីឡាករ ញ៉ូវ ចាន់ និងលេខ៣ កីឡាករ ឡុច ដារ៉ុង។ វិញ្ញាសា Byte Boat ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ស៊ីន សំណាង, លេខ២ កីឡាករ មាច ឫទ្ធីវង្ស និងលេខ៣ បានទៅលើកីឡាករ ស៊ុ សរ៉ា។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ជាក់ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ មានក្លឹបទូកក្តោងចំនួន ៣ ដែលមានកីឡាករចំនួន ២៣នាក់ និងកីឡាការិនីម្នាក់។ ចំពោះពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីទទួលបានការផ្តល់កិត្តិយសពីលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ, លោកឧត្តមនាវីត្រី ទេព សំអុល នាយសេនាធិការរង, លោកវរៈនាវីឯក ហ៊ុ ឡៃ នាយការិយាល័យហ្វឹកហ្វឺន, លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ៕