(អ៊ីជីហ្គាយ៉ា និង ហ្វូជី)៖ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញ ទស្សនកិច្ច នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់ ដកបទ ពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានោះ គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាព ទស្សនាការសម្តែង លោតឆត្រ យោង ការ ហ្វឹក ហ្វឺន បាញ់ គ្រាប់ ពិត ពី រថក្រោះ និង ការដាក់តាំង យុទ្ធោ បករណ៍ ផ្សេងៗផងដែរ។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕