នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា អនុសាខា និងសប្បុរសជន បាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពខ្វះខាត ចំនួន២២០គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំចំនួន៣ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយ ទាំងអស់ដោយក្តីនឹករឭក ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយ រងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺទីណា មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យក នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់ សាំងកូវីដ១៩ សូមប្រញាប់ទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយ មេរោគកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងផ្ទុះឆ្លង និងអាចបន្តមកតាម បណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តន៍តាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបន្តគោរពតាមគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ បើសិនជាបាន ទទួលការចាក់វ៉ាក់សាំងដល់ដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, មី១កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងជែលផងដែរ៕