ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅដែលមានអាយុពី៣ ដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈដែលចំនួនកុមារអាយុក្រោម៥ឆ្នាំ ប្រមាណជាង២៥ភាគរយ បានទទួលរងនូវជំងឺនេះ។
ក្នុងសារជាសម្លេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននេះបន្តិច សម្ដេចបានចុះហត្ថលេខាលើសារាចរណែនាំ និងធ្វើសេចក្ដីសម្រេចទាក់ទិនជាមួយនឹងដំណើរការនៃការគ្រប់គ្រងថែទាំ ទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ដែលក្នុងនោះ មានការសម្រេចចិត្តដ៏សំខាន់មួយ គឺចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅដល់៥ឆ្នាំ។
សម្ដេចតេជោថ្លែងថា មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសារតែសង្កេតឃើញថា តាំងពី «អូមីក្រុង» បានរុករានមកក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជាង ២៥ភាគរយដែលទទួលរងនូវជំងឺនេះ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់វ៉ាក់សាំងឱ្យកុមារដែលមានអាយុពី ៣ ទៅដល់ ៥ឆ្នាំ ដោយឡែកកុមារអាយុពី ៥ឆ្នាំឡើងលើ យើងបានចាក់រួចហើយ។ ជាបន្តទៅទៀតនេះ មានភាពចាំបាច់ដើម្បីនឹងការពារកុមាររបស់យើង កុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មី អូមីក្រុង គឺកូវីដ១៩នេះឯង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា យើងគ្មានជម្រើសណាល្អជាងចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនោះទេ ដែលនៅទូទាំងប្រទេសយើងប៉ាន់ស្មាននៅក្នុងតួលេខជំរឿន មានប្រមាណជា ៧០ម៉ឺននាក់។
អាស្រ័យហេតុនេះ សម្តេចបានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាល សូមនាំកូនចៅ ដែលមានអាយុពី ៣ ទៅដល់៥ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចៀសនូវហានិភ័យដែលកើតឡើងសម្រាប់កុមាររបស់យើង។
សម្ដេចតេជោក៏បានស្នើឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជា មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលការចាក់វ៉ាក់សាំងឱ្យកុមារអាយុពី៣ឆ្នាំ ដល់៥ឆ្នាំនេះ ឱ្យបានឆាប់ ហើយធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង។ សម្ដេចតេជោ បានបញ្ជាក់សារជាថ្មីថា វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថាពួកគេគឺទទួលភាពស៊ាំ និងមិនមានការឆ្លងជំងឺ ប្រសិនបើមានការឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរ រហូតដល់អន្តរាយអាយុជីវិតផងដែរ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្ដែងនូវការជឿជាក់ថា ដោយមានបទពិសោធន៍រួចស្រេចទៅហើយនោះ គឺគ្រប់ផ្នែកគ្រប់ថ្នាក់ ជាពិសេសគឺប្រជាជន និងកុមាររបស់យើង នឹងទទួលបាននូវវ៉ាក់សាំងពេញលេញ សម្រាប់ពីរដូសដំបូងប្រកបដោយសុវត្ថិភាព៕