យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ក្នុងនោះសម្រាប់ដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលអាយុ ១២ឆ្នាំឡើងទៅ សម្រេចចាក់បាន ៥ ៣៥៨ ២៦៦ នាក់ និងដូសជំរុញទី៤ សម្រេចបានចាក់ចំនួន ៧៣៩ ២០១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។
បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ និងការរស់នៅជាធម្មតាតាមគន្លងប្រក្រតីភាពថ្មី គឺជាកត្តាដ៏ចាំបាច់បំផុតមួយទៀត ដើម្បីការពារចម្លងវីរុសកូវីដ-១៩ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស។
ដោយឡែកចំពោះការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២២១ ៥៧០ បានចាក់ដូសទី១ និងចំនួន ៩ ៨៧៧ ៧៣៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.២២% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២១ ៨៨៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៩ ០៨១ នាក់ ដែលស្មើនឹង ៩៩.៧០% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៥ ៣៧៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៣០ ៧៦០ នាក់ ដែលស្មើនឹង ១០៦.២២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៩ ៤០៩ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥៥ ០៨១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៨.២៥%។
ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាសរុប ១៣ ៨១២ ៦៥៩ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួចរាល់ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ គឺស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤។
ដោយឡែកក្នុងខណៈពេលខាងមុខនេះផងដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) សម្រាប់ក្រុមកុមារដែលមានអាយុ ចាប់ពី ០៥ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង (ដូសមូលដ្ឋាន) ដល់កុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។