យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចចាប់បាន៨៩.៩៤% នៃប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងខណៈពេលដែលការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នឹងចាប់ផ្តើមយុទ្ធនាការនៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ។
ជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលដែលមានអាយុ ចាប់ពី ០៦ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ខណ:ដូសជំរុញសម្រាប់កុមារអាយុ០៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ថៃទី១១ ខែមីនា ខាងមុខនេះ។ ក្នុងនោះផងដែរ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលដែលមានអាយុចាប់ពី១២ឆ្នាំឡើង សម្រេចបាន ៥ ៣៨៧ ៥៤៩ នាក់ ខណៈដូសជំរុញទី០៤ សម្រាប់ក្រុមជួរមុខ សម្រេចបាន ៧៦៣ ២០៧ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត។
ចំពោះការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២២៣ ២៣៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៧៩ ៣២៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.២៣% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២២ ១១៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៩ ៦៨២ នាក់ ដែលស្មើនឹង ៩៩.៧១% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៥ ៨២៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៣១ ៣៧៦ នាក់ ដែលស្មើនឹង ១០៦.២៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៩ ៩៨៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥៥ ៥៥៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៨.៤៣%។
ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាសរុប ១៣ ៨១៥ ៩៤៣ នាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ នៅកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួចរាល់ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ គឺស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕