ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តសៀមរាបគឺជាខេត្តដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ព្រោះជាទីតាំងដែលសម្បូរទៅដោយបេតិកភ័ណ្ឌជាតិ ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យយើងបន្តថែរក្សាទុកឱ្យកូនចៅជំនាន់ក្រោយតទៅទៀត។ ក្នុងន័យនេះ ការអភិវឌ្ឍ និងការអភិរក្សត្រូវដើរទន្ទឹមគ្នា ដោយឈរលើគោលការណ៍សម្លឹងមើលគុណប្រយោជន៍សម្រាប់ព្រៃទាំងមូល មិនមែនសម្រាប់តែដើមឈើមួយដើមនោះទេ។
ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈ ការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌល ព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និង សិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រងបានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះបានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេច ក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។
ឯកឧត្តមបានបន្តទៀតថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។