កំពង់ចាម៖ ទីតាំងល្បែងសុីសងសង្វៀនជល់មាន់ ខ្នាតយក្ស និងអាប៉ោង ដុះស្លែ មួយកន្លែង ស្ថិតនៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាឃួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅបន្តបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង បែរជាគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចេញមុខមកបង្ក្រាបសោះឡើយ នេះហាក់ដូចជាបណ្តែតបណ្តោយពេកហើយ លោកសមត្ថកិច្ចអើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងសុីសងដុះស្លែខាងលើ មានម្ចាស់ឈ្មោះ ផល្លា ជាមេក្លោង និងជាអ្នកប្រកូកប្រកាស ប្រមែប្រមូលមនុស្សគ្រប់មជ្ឈដ្ឋាន ឲ្យមកលេងល្បែងស៊ីសងនៅទីតាំងរបស់ខ្លួនដើម្បីយកតុង។
ប្រភពបន្តទៀតថា៖ នៅតាមផ្លូវចូលទៅកាន់ទីតាំងល្បែងស៊ីសងខាងលើនេះ មានទាំងជនទំនើងឈរយាមផ្លូវមិនឲ្យមានសារព័ត៌មានណាម្នាក់ចូលទៅផ្តិតរូបភាពបាននោះទេ។
ពាក់ព័ន្ធទៅនឹងករណីនេះមានប្រភពខ្លះ ប្រាប់ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលមានម្ចាស់ឈ្មោះ ផល្លា ជាមេក្លោង ប្រហែលជាមានខ្សែធំ ទើបអាចបន្តបើកលេងបានដោយគ្មានការរំខានដល់សមត្ថកិច្ច។
សូមរំលឹកថាកន្លងមកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូរទាំងប្រទេស ត្រូវតែបង្រ្កាប ឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាបាននៅសុខសុវត្តិភាពដល់ប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។ តែផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោង មួយកន្លែងនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកលេង ជារៀងរាល់ថ្ងៃ ម៉្យាងវិញទៀត កាលនៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនដល់ពលរដ្ឋទូរទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នបំផុតចំពោះជំងឺកូវីដ-១៩,ទើបបម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង ដោយឡែកទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ខាងលើនេះ បើកលេងហាក់មិនញញើតនិងមិនគោរពតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នោះឡើយ!
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់បានទេ ព្រោះគ្មានលេខទូរស័ព្ទ។
មហាជនជាច្រើនស្នើសុំដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សូមឯកឧត្តមអភិបាលជួយចាត់មន្ត្រីនៃសាលាខេត្តចុះស៊ើបអង្កេតលើករណីខាងលើនេះផងទាន។
ស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តា ជួយពិនិត្យមើលនូវការងាររបស់លោក នាយប៉ុស្តិ៍ឃុំខ្ពបតាឃួន ផងទាន ព្រោះបទល្មើសលេងយ៉ាងគគ្រឹកគគ្រេងបែរជាគាត់សម្ងំស្ងៀម៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។