រដ្ឋមន្ត្រីស្តីទីនៃស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី លោក Alexander Chupriyan បានប្រាប់អ្នកក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អាជ្ញាធររុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ជនភៀសខ្លួនដែលមកពីតំបន់ Donbass ប្រសិនបើមានការចាំបាច់។
លោកបាននិយាយបន្ថែមថា «ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនដែលបានមកដល់»។
រដ្ឋាភិបាលក្នុងតំបន់បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនក៏ត្រូវធ្វើតេស្ត PCR ផងដែរនៅពេលពួកគេមកដល់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន។ មានការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមជនភៀសខ្លួនដែលត្រូវបានជម្លៀសចេញពីតំបន់ Donbass និងអ្នកដែលបានតាំងទីលំនៅក្នុងមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នក្នុងតំបន់ Rostov។
ស្ថានភាពនៅតាមខ្សែបន្ទាត់ទំនាក់ទំនងនៅភាគខាងកើតប្រទេសអ៊ុយក្រែន មានភាពកាន់តែអាក្រក់ទៅៗនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។ សាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk បានរាយការណ៍ពីការបាញ់ផ្លោងខ្លាំងបំផុតមួយចំនួនដោយកងកម្លាំងទីក្រុងគៀវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការបាញ់ផ្លោងទាំងនោះបានធ្វើឱ្យមានការខូចខាតសម្ភារជនស៊ីវិលមួយចំនួន។
កាលពីថ្ងៃសុក្រ មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk បានប្រកាសពីការជម្លៀសប្រជាជននៃសាធារណរដ្ឋនេះទៅកាន់ប្រទេសរុស្ស៊ី ដោយលើកឡើងអំពីការគំរាមកំហែងដែលកាន់តែកើនឡើងខ្លាំងនៃភាពជាសត្រូវ៕