ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ កង កម្លាំងបានបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣.៩៧៩នាក់។
ក្នុងសារលិខិត ស្តីពីផែនការស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧រយៈពេល ០១ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២២ សម្តេចតេជោ បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូលទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសារការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នោះ សកម្មភាពមួយចំនួនធំដូចជា វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្មវប្បធម៌ ទេសចរណ៍។ល។ ត្រូវបានផ្អាកសកម្មភាព ប៉ុន្តែផ្ទុយទៅវិញក្នុងរយៈពេលដូចគ្នានេះ និន្នាការផលិត ចរាចរ និងជួញដូរ គ្រឿងញៀនខុសច្បាប់នៅលើសកលលោក នៅតែបន្តកើនឡើងឥតឈប់ឈរ ជាពិសេសការផលិតគ្រឿងញៀនសំយោគ (ATS) ដូចជាៈ មេតំហ្វេតាមីន អ៊ិចស្តាស៊ី កេតាមីន ដែលសុទ្ធសឹងជាប្រភេទសារធាតុងាយស្រួលក្នុងការកែច្នៃផលិត មិនរើសភូមិសាស្ត្រ ឬទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ និងឧបករណ៍ផលិត បានរីករាលដាលនៅគ្រប់តំបន់ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅរងគ្រោះផងដែរ។
សម្តេចតេជោបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានឆ្លៀតឱកាស លបលួចប្រព្រឹត្តបទល្មើសគ្រឿងញៀន ជាពិសេសការដឹក ជញ្ជូនឆ្លងកាត់ទៅប្រទេសដទៃ និងមួយផ្នែកទៀតបម្រើឱ្យទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ បន្តថា ការអនុវត្តន៍ផែនការយុទ្ធនាការលើកទី៦ នាឆ្នាំ២០២១កន្លងទៅ កងកម្លាំងអនុវត្តច្បាប់ បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គ.ក្រ និងសារធាតុគីមីសរុបទម្ងន់៨៤.៩២០គ.ក្រ រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន៧៣ករណី មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់។
ទន្ទឹមនោះ វិធានការអប់រំ និងវិធានការរដ្ឋបាលត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការ ចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននិងទទួលបានលទ្ធផលជាវិជ្ជមាន ដែលកត្តាទាំងអស់នេះគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ឥទ្ធិពលនៃការប្រើប្រាស់ និងជួញដូរសារធាតុញៀននៅក្នុងស្រុកផងដែរ៕