ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យអ្នកពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាពស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីបង្ក្រាបឱ្យបានការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងលួចកែច្នៃផលិតសារធាតុញៀន។ ក្នុងសារលិខិត ស្តីពីផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧រយៈពេល ០១ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងគោលបំណងការពារកិត្តិយសប្រទេសជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេសការរួមចំណែកថែរក្សាសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជននិងបង្កើនភាពកក់ក្តៅនៅក្នុងសង្គមក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផងនោះ រាជរដ្ឋាភិបាលសម្រេចបន្តចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ ដែលគោលការណ៍រួម ត្រូវបន្តចាត់តាំងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចាត់តាំងអនុវត្តយុទ្ធនាការលើកទី៧ ដោយផ្អែកតាមគោលការណ៍រួម និងវិធានការទាំង៥ ដែលបានកំណត់ក្នុងផែនការយុទ្ធនាការលើកទី៦។
សម្តេចតេជោបន្តថា ដើម្បីធ្វើឱ្យការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តវិធានការអាទិភាពដែលជាមូលដ្ឋានក្នុងការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយផ្តោតលើការងារសំខាន់ៗ ដូចជា បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ ក៏ដូចជាគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន។ ត្រូវខិតខំរៀបចំឱ្យបាននូវវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយរងហានីភ័យដោយសារបទល្មើសគ្រឿងញៀន ។
សម្តេចតេជោបន្តទៀតថា ត្រូវបង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឱ្យបាននូវការនាំចូលឆ្លងកាត់ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន ដោយគ្មានការយោគយល់និងលើកលែងតាមរយៈ សកម្មភាពលួចដឹកជញ្ជូនគ្រឿងញៀនចេញ-ចូលឆ្លងកាត់ព្រំដែន ទាំងច្រកផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ។
ត្រូវពន្លឿនរាល់នីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលត្រូវបានរឹបអូស និងបង្កក ដើម្បីយកមកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
សម្តេចតេជោ បានបន្ថែមថា ត្រូវខិតខំជំរុញកសាងឱ្យបាននូវ “ភូមិ ឃុំ-សង្កាត់សគ្មានគ្រឿងញៀន» និងពង្រីកវិសាលភាពឱ្យដល់គ្រប់បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពនៃការដឹកនាំ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នៅតាមបណ្តាក្រុង ស្រុកនៃខេត្តគោលដៅសំខាន់ៗទាំងនោះឱ្យមានប្រសិទ្ធភាព។ បន្តពង្រឹង និងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មដោយត្រូវមានយន្តការដឹកនាំ និងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ-សង្កាត់។ កសាងឱ្យបាននូវយន្តការតាមដាន ត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន មុខសញ្ញាដែលបានសមាហរណកម្មចូលក្នុងសហគមន៍ ដើម្បីគ្រប់គ្រង និងថែទាំសុខភាព បង្ការ ទប់ស្កាត់មិនឱ្យពួកគេវិលត្រឡប់មកប្រើប្រាស់សារធាតុញៀនវិញ។
សូមបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធនាការលើកទី៦ នាឆ្នាំ២០២១កន្លងទៅ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គ.ក្រ និងសារធាតុគីមីសរុបទម្ងន់៨៤.៩២០គ.ក្រ រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន៧៣ករណី មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់៕