បាត់ដំបង៖អាជ្ញាធរខេត្តបាត់ ដំបង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកយុទ្ធ នាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់កុមារអាយុចាប់ពី៦ដល់ក្រោម១២ ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។
លោក ផេង សិទ្ធី អភិបាល ក្រុងបាត់ដំបង បានណែនាំដល់មាតាបិតា និងអាណាព្យា បាលត្រូវណែនាំកូនៗអាយុចាប់ពី៦ដល់ក្រោម១២ឆ្នាំដែលបានចាក់វ៉ាក់សាំងដូស មូលដ្ឋានរួចរាល់ និងគ្រប់តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងនាំកូនៗមកចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ចាប់ពីថ្ងៃនេះតទៅនៅតាមមណ្ឌលដែលរដ្ឋបាលខេត្តបានកំណត់។
លោកអភិបាលក្រុង បានក្រើនរំលឹកដល់មាតាបិតា និងអាណាព្យាបាលដែលនាំកូនមកចាក់វ៉ាក់សាំងត្រូវមានភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា៖កាតចាក់វ៉ាក់សាំងកូវីដ១៩ ឬឯកសារដែលបានប្រើប្រាស់ចុះឈ្មោះចាក់វ៉ាក់សាំងដូសទី១ ហើយការចាក់វ៉ាក់សាំងនេះមិនតម្រូវឱ្យបង់ប្រាក់ឡើយ។
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានកុមារអាយុចាប់ពី៦ដល់ក្រោម១២ឆ្នាំប្រមាណជាង១៣ម៉ឺននាក់នៅទូទាំងខេត្តបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ក្នុងផែនការសរុបជាង១៦ម៉ឺននាក់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ត្រូវចាក់ដូសជំរុញ ឬដូសទីបី ចាប់ពីថ្ងៃទី ២១កុម្ភៈតទៅ ចំណែកកុមារអាយុ៥ឆ្នាំ ត្រូវចាក់ដូសទី៣ឬដូស ជំរុញចាប់ផ្តើមពី ថ្ងៃទី ១១ខែមីនាឆ្នាំ២០២២ខាង មុខ និង កុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ត្រូវចាក់ដូសមូលដ្ឋានគឺដូសទី១និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២ទៅ។
សេចក្តីជូនដំណឹងបញ្ជាក់ថាទីតាំងដែលត្រូវផ្តល់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានានិងទីតាំងដែលអាជ្ញាធររៀបចំ សរុបចំនួន៥៨ទីតាំង នៅតាមបណ្តាស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ៕