មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើឱ្យអាណាព្យាបាល មាតាបិតា ដែលមានកូនអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ត្រូវនាំពួកគេទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសហានិភ័យនានា ដែលអាចកើតមានឡើងដោយការគំរាមកំហែង នៃមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា ការចាក់វ៉ាក់សំាងកូវីដ១៩ គឺជាកិច្ចការមួយដែល សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ខណៈវិធានការ ចាក់វ៉ាក់សំាងនេះ គឺជាវិធានការមួយដ៏សំខាន់ដែលមិនអាចខ្វះបានទេ ពិសេសស្ថិតនៅក្នុងបរិបទ នៃការប្រយុប្រឆាំងនឹងជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មីអូមីក្រុងនេះ ដែលកំពុងចរាចរ យ៉ាងសកម្មនៅក្នុងសហគមន៍នាពេលនេះ។ លោកជំទាវបន្ថែមថា ក្រោយពីមានការសម្រេចដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ.វ.ក-១៩ បានធ្វើកិច្ចការងារនេះដោយពិភាក្សាគ្នាជាបន្ទាន់ ដើម្បីចាត់ចែងសម្រាប់ការផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនទៅដល់ កុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ ពីព្រោះបច្ចុប្បន្ននេះ ក្រុមការងារបានធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំង ក្រុមអាយុ៥ឆ្នាំឡើងរួចទៅហើយ ដូច្នេះសម្រាប់ក្រុមអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ ក្រុមគ្រូពេទ្យត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីជួយធ្វើយ៉ាងម៉េចឱ្យកុមារាតូចៗ អាចទទួលវ៉ាក់សាំងដោយមិនមានការភ័យខ្លាច ឬការពារនូវហេតុការណ៍ណាមួយកើតឡើងជាយថាហេតុផងដែរ។ លោកជំទាវស្នើឱ្យអាណាព្យាបាល មាតាបិតា ដែលមានកូនអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ យកកូនៗ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ នៅគ្រប់ទីតាំងដែលនៅជិតលំនៅឋាន។
« ការចាក់នេះយើងប្រើវ៉ាក់សំាង ស៊ីណូវ៉ាក់ពីព្រោះតាមការសិក្សាស្រាវជ្រាវទៅយើងឃើញថាវ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺអាចអនុញ្ញាតឱ្យចាក់សម្រាប់ក្រុមអាយុដែលមានវ័យពី៣ឆ្នាំឡើងទៅអ៊ីចឹងហើយបានជាយើងសម្រេចចិត្តក្នុងការប្រើប្រាស់នូវប្រភេទវ៉ាក់សាំងនេះ។ ដូច្នេះសូមមាតាបិតាអាណាព្យាបាល លោកតា លោកយាយ អ៊ុំពូមីងនាំកូននាំចៅ ដើម្បីទៅចាក់វ៉ាក់សំាង ពីថ្ងៃទី២៣នេះតទៅ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការវ៉ៃលុកនៃវីរុសអូមីក្រុង ក៏ដូចជាកាត់បន្ថយបានជាអតិបរិមា នូវអត្រាចូលសម្រាកពេទ្យ ក៏ដូចជាអត្រាមរណៈភាព ដោយសារតែជំងឺកូវីដ១៩នេះឯង។»
លោកជំទាវបញ្ជាក់ថា បច្នុប្បន្ននេះ កម្ពុជាមានវ៉ាក់សំាងគ្រប់គ្រាន់នៅក្នុងដៃសម្រាប់ចាក់ក្រុម ដែលមានអាយុពី៣ឆ្នាំ ទៅក្រោម៥ឆ្នាំ។ មិនតែប៉ុណ្ណោះ សម្រាប់ការចាក់នេះ គឺមិនមែនធ្វើតែ នៅក្នុងរាជធានីភ្នំពេញនោះទេ បណ្តារាជធានីខេត្តទាំង២៥ក៏នឹងត្រូវចាក់ដូចគ្នា តាមការរៀបចំរបស់ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត។ ដោយឡែកសម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញដល់កុមារក្រុមអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ សូមយកពួកគាត់ទៅចាក់ឱ្យបានគ្រប់ៗគ្នាផងដែរ ចាប់ពីថ្ងៃនេះទៅ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលគ.វ.ក-១៩បានចេញសេចក្តីជូនព័ត៌មានរួចមកហើយ។
លោកជំទាវ ក៏បានអំពាវនាវ យ៉ាងទទូចសាជាថ្មីម្តងទៀត ដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួចហើយ មានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុននិងចនសុនមួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព ឬទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតលំនៅឋានរបស់ខ្លួន៕