ផ្លែត្រសក់ផ្អែមនិងឪឡឹកលឿងកំពុងក្លាយជាផលិតផលសក្តានុពលប្រចាំខេត្តឧត្តរមានជ័យ ដោយសារដំណាំទាំងពីរមុខនេះ ប្រជា កសិករដាំបានល្អ មានឱជា រសឈ្ងុយផ្អែមឆ្ងាញ់ ហើយលក់បានថ្លៃ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ស្ថានភាពដីរបស់ខេត្តឧត្តរ មានជ័យមានលក្ខណៈពិសេសដោយសារខេត្តនេះស្ថិតនៅតាមជួរភ្នំដងរែកមានអាកាសធាតុត្រជាក់និងមានសំណើមនៅពេលយប់ដែលធ្វើឱ្យដំណាំគ្រប់ប្រភេទលូត លាស់បានល្អពិសេសដីមានល្បាយដីខ្សាច់ ដែលមានលក្ខណៈអំណោយផលល្អដល់ការដាំដុះផ្លែត្រសក់ផ្អែមនិងឪឡឹកលឿង។ លោកបន្តថា ដោយមើល ឃើញថាស្ថានភាពដីក្នុងខេត្តមួយនេះមានសក្តានុពលក្នុងការដាំឪឡឹកលឿង និងត្រសក់ផ្អែម មន្ទីរកសិកម្មខេត្តក៏បានផ្តល់បច្ចេកទេសដល់ប្រជាកសិករដាំដុះដំណាំទាំងពីរមុខនេះលើប្រព័ន្ធទ្រីប ដូចជាការលើករងក្រាលកៅស៊ូ ដាំជាតំណក់ទឹក ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងបង្កើនប្រាក់ចំណូល ខណៈដែលដំណាំទាំងនេះទទួលបានចំណូលខ្ពស់ និងមានការគាំទ្រពីអតិថិជនជាហូរហែ ហើយមានឱជារសឈ្ងុយ និងផ្អែមឆ្ងាញ់ជាងដំណាំប្រភេទដូចគ្នានេះដែលដាំនៅតាមបណ្តាខេត្តផ្សេងៗទៀតផង។
< ឱកាសសម្រាប់ខេត្តឧត្តរមានជ័យមានតែយើងកំណត់យកផ្លែឪឡឹកលឿងនឹងត្រសក់ផ្អែមទេដោយសារយើងមិនអាចយកដាំដំណាំបន្លែយកស្លឹកទៅប្រកួតប្រជែងជាមួយនឹងខេត្តគេដែលនៅក្បែររាជធានីភ្នំពេញបានទេដោយសារការដឹកជញ្ជូនយើងឆ្ងាយហើយវាខូចគុណភាពផលិតផលរបស់យើង ប៉ុន្តែបើយើងដាំឪឡឹកលឿងនិងត្រសក់ផ្អែមបានន័យថាការដឹកជញ្ជូនរបស់យើងអាចធានាបានគុណភាពនិងវាអាចសមស្របជាមួយការផ្គត់ផ្គង់ទៅនឹងទីផ្សារបាន>។
លោកបន្តថា ការដាំឪឡឹកលឿងនិងត្រសក់ផ្អែមនេះដែរសហគមន៍បានចែកវេនដល់ប្រជាកសិករក្នុងការផ្លាស់ប្ដូរការដាំដុះគ្នាទៅវិញទៅមកដើម្បីបំពេញតម្រូវទីផ្សារឱ្យបានគ្រប់គ្រាន់ដោយមិនឱ្យការផលិតលើសពីតម្រូវការឡើយ។
លោកបញ្ជាក់ថា ការដាំឪឡឹកលឿងនិងត្រសក់ផ្អែម លើផ្ទៃដី១ហិកតា អាចទទួលទិន្នផលបានចន្លោះពី ១៥ ទៅ ២០ តោនដូចគ្នា រីឯតម្លៃវិញ ឪឡឹកលឿងបោះដុំក្នុង១ គីឡូ ២០០០រៀល រីឯត្រសក់ ផ្អែម ១គីឡូ ៣០០០រៀល៕