ភ្នំពេញ ៖ ថ្ងៃ អង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២
បងប្អូនប្រជាពលរដ្ឋ អ្នកប្រជានេសាទ ប្រទះឃើញ
សពបុរសម្នាក់ ត្រូវបាន
អណ្តែតទឹកទន្លេសាប ដោយពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ច បានចាត់ចែងអូសឡើងច្រាំង ដើម្បីធ្វើការត្រួតពិនិត្យ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២ នៅចំនុចទន្លេសាបមុខសាលាបឋមសិក្សាជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសរូបនោះ មានលក្ខណៈហើមស្អុយមើលលែងស្គាល់ទៅហើយ មានអាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោ ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ម៉ាកក្រពើពណ៌គគីរ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោង១០ជាងព្រឹក គេឃើញសពបុរសម្នាក់ បានអណ្តែតទឹកនៅក្បែរស្ពានជ្រោយចង្វារ ហើយចេះតែរសាត់តាមខ្យល់ ទៅទិសខាងត្បូង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បាននាំគ្នា ជួលជនជាតិអ៊ិស្លាម ជួយសែង លើកដាក់លើច្រាំង នៅក្រោមស្ពានជ្រោយចង្វារខាងកើត ដើម្បីឱ្យសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ។ នៅក្នុងខ្លួនសពសមត្ថកិច្ច រកឃើញទូរស័ព្ទចំនួន៣គ្រឿង តែរកពុំមានអត្តសញ្ញាណអ្វីឡើយ។
តាមការត្រួតពិនិត្យ សមត្ថកិច្ចបច្ចេកទេស បានឱ្យដឹងថា សពបានស្លាប់ ដោយសារលង់ទឹក ប្រមាណ២ថ្ងៃ មកហើយ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យថា សពបានស្លាប់ដោយសារតែលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពី២ថ្ងៃមុន។ ចំណែកឯ សពត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឬស្សីសាញ់ និងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ តាមរយះលេខទូរស័ព្ទ ឱ្យមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕