ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ ដើម្បីលើកស្ទួយវប្បធម៌ជាតិ។
យោងតាមសារចរ ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២នេះ អាចប្រព្រឹត្តទៅដោយរលូនតាមគន្លងប្រក្រតីភាពថ្មី រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គការសមាគម សហគមន៍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយ ទាំងនៅលើទីតាំងផ្ទាល់ និងតាមបណ្តាញសង្គម។ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយសម្រាប់អបអរទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំកម្មវិធីអបអរទិវាវប្បធម៌ជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានព្រមៗគ្នានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ តាមរយៈការរៀបចំកម្មវិធីនៅទីតាំងផ្ទាល់និងតាមបណ្តាញសង្គម ការចងបដាពាក្យ ស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយតាមទីតាំងសំខាន់ៗ។
សម្តេចតេជោ បានបន្តថា ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជន រួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យ សាធារណជនយល់ដឹង និងចូលរួមកាន់តែសកម្មនៅក្នុងការថែរក្សា លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ សីលធម៌សង្គម និងសុខដុមនីយកម្មសង្គម ដោយមិនមានការរើសអើងផ្នែកនយោបាយ ជំនឿ សាសនានិងពណ៌សម្បុរ។
ក្រសួងអប់រំ ត្រូវសហការ ផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី។ ចំណែកឯក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន គ្រប់ប្រភេទ។
សម្តេចតេជោ បានបន្តទៀតថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីដើម្បីអបអរទិវាវប្បធម៌ជាតិ ទាំងនៅ ទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗដែលមាន។
ក្រសួងធម្មការ ត្រូវបំផុសចលនាព្រះសង្ឃនិង គ្រប់សាសនិកឱ្យរៀបចំផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី។ ចំណែកឯក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការ ណែនាំទៅមូលដ្ឋានដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យមានប្រសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់។
អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយសមិទ្ធផល ការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយតម្លៃ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌ផ្សេងៗ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា។ បន្ថែមពីនោះទៀត គ្រប់លំនៅឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន រោងចក្រ សហគ្រាសរដ្ឋនិងឯកជនត្រូវចូលរួមអបអរទិវាវប្បធម៌ជាតិ តាមគន្លងប្រក្រតីភាពថ្មី និង តាមមធ្យោបាយផ្សេងៗដែលមានដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬ សកម្មភាពសមរម្យនានា នៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម ឱ្យបានព្រមៗគ្នានាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២៕