ស្ទឹងត្រែង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង រៀបចំបានបណ្តុំកសិករដាំបន្លែចំនួន៤៦ក្រុម ដើម្បី ធ្វើជាកន្លែងសម្រាប់ឱ្យកសិករផ្សេងៗទៀតមកសិក្សាយកបច្ចេកទេស ដាំដុះបន្លែជាលក្ខណៈគ្រួសារ និងបង្កើតជាអ្នកអាជីពដាំបន្លែ លក់ ប្រចាំនៅតាមមូលដ្ឋានផងដែរ។
ក្នុងឱកាសចុះពិនិត្យសួនបន្លែគ្រួសារនៅភូមិកាំងមេម៉ាយសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមានប្រសាសន៍ថា បងប្អូន កសិករ ត្រូវសិក្សាពីរបៀបដាំដុះ- ការបណ្តុះពូជដំណាំ -និងកាត់តដើមបន្លែជាមួយគ្នា-ដូចជាកូនប៉េងប៉ោះ-កូនម្ទេសជាមួយដើមត្រប់ជាដើម ដើម្បីផ្លាស់ប្តូរទម្លាប់ នៃការដាំដុះបន្លែ មកអនុវត្តតាមបច្ចេកទេសវិញ។
លោកប្រធានមន្ទីរបន្ថែមថា ការធ្វើបែបនេះវាធន់ទៅនឹងអាកាសធាតុប្រែប្រួលផង ដំណាំដាំដុះក៏មានមានភាពលូតលាស់ល្អ ដូចនេះចូរពុកម៉ែបងប្អូននាំគ្នាខិតខំផលិតឱ្យបានច្រើន និងថែរក្សានូវបរិមាណនិងគុណភាពដើម្បីនាំចូលទៅទីផ្សារលក់ ។
សំឡេង៖ « អ៊ីចឹងសូមពង្រឹង លើសមត្ថភាពខ្លួនបន្ថែមទៀត ជាពិសេស នូវគុណភាព បើយើងធ្វើបានល្អហើយ គឺសុំ ការពារនូវ គុណភាពរបស់ផលិតផលរបស់យើង ថែរក្សាគុណភាពរបស់វា លក់ កុំឲ្យវាធ្លាក់គុណភាព ឆ្នាំក្រោយទៅធ្លាក់ទៅធ្លាក់ទៅ យើងនឹងបាត់បង់ទីផ្សារ អ៊ីចឹងវាលំបាកសម្រាប់ពុកម៉ែ បងប្អូនទាំងអស់គ្នា វិញទេ» ។
លោកឡុងសារ៉ាត់ កសិករដាំបន្លែនៅភូមិតាំងមេម៉ាយសង្កាត់ព្រះបាទ បានទទួលយកការណែនាំនេះ ហើយលោកនឹង ព្យាយាម ផ្លាស់ប្តូរទម្លាប់ចាស់នេះ ទៅដាំដុះតាមលក្ខណៈបច្ចេកទេសវិញ និងជួយផ្សព្វផ្សាយទៅកសិករផ្សេងៗទៀតបន្ថែម ព្រោះកន្លងមកពួកគាត់ធ្លាប់បានទទួលការបណ្តុះបណ្តាលពីអង្គការដៃគូជាច្រើនលើកច្រើនសារួចមកហើយ តែមិនទាន់បាននាំគ្នា អនុវត្តន៍។
លោកបន្តថា បច្ចុប្បន្នមាន កសិករប្រមាណតែ២០%តែប៉ុណ្ណោះនៅតាមភូមិឃុំនីមួយៗ បានបង្កើតសួនបន្លែជាលក្ខណៈគ្រួសារ ដាំគ្រាន់តែបរិភោគ និងនៅសេសសល់បាននាំទៅលក់នៅទីផ្សារ តែមិនបានច្រើនជាដំកំភួននោះទេ។
លោកឃីន ប៊ុនឡត កសិករដាំដំណាំបន្លែនៅភូមិសាមឃួយបានអះអាងថា ក្នុងនាមជាកសិករគំរូ លោកអាចចែករំលែក បទពិសោធន៏បាននូវអ្វីដែលធ្វើកើត ហើយអាចទទួលបានលទ្ធផលល្អ ឱ្យតែបងប្អូនមកសិក្សាយកចំណេះដាំដុះទៅអនុវត្តបន្ត ។
លោកចាត់ទុកថា នេះជាកត្តាចម្បងក្នុងការកែប្រែជីវភាពរស់នៅ ដោយធ្វើម្ចាស់លើកការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ដោយខ្លួន ឯង ហើយមិនបាច់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម និងពឹងផ្អែកលើផលអនុផលព្រៃឈើទៀតឡើយ ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានបណ្តុំកសិករចំនួន៤៦ក្រុម ក្នុងនោះនៅស្រុកថាឡាបរិវ៉ាត់១១ក្រុម- ស្រុកសៀមបូក១០-ស្រុកសៀមប៉ាង០៧ក្រុម -សេសាន០៧ក្រុម-ក្រុងស្ទឹងត្រែង០៧ក្រុម-និងស្រុកបុរីអូរស្វាយសែនជ័យ០៤ក្រុម។
បច្ចុប្បន្នកសិករ បានផ្លាស់ប្តូរទម្លាប់នៃការដាំដុះបានច្រើនគ្នា គ្រាន់តែបងប្អូនយើងមួយចំនួននៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអនុវត្តន៍ ការដាំបន្លែបានទៅតាមបច្ចេកទេសថ្មីនេះនៅឡើយទេ ៕