សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការទប់ស្កាត់គ្រឿងញៀនក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីកុំឱ្យគ្រឿងញៀនចរាចរកាន់តែច្រើននៅកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សង្គម។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍… ថ្លែងក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួង មហាផ្ទៃ សម្រាប់ទិសដៅ ឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា ដើម្បីទប់ស្កាត់ ការផលិតនិងចែកចាយគ្រឿងញៀន អាជ្ញាធរពាក់ព័ន្ធត្រូវតាមដាន បង្ក្រាបរាល់ ទីតាំងធំៗ ក៏ដូចជាការចរាចរណ៍សារធាតុញៀនខុសច្បាប់ផ្សេងៗដែលសង្ស័យ ខណៈកន្លងមកមានរោងចក្រផលិតកសិផលខ្លះ បានលួចបន្លំផលិតគ្រឿងញឿន។
សម្ដេចក្រឡាហោមបានបន្តថា ទោះបីថាគ្រឿងញៀន ផលិតហើយដឹកយកទៅលក់នៅកន្លែងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធ ក៏មិនត្រូវបណ្ដែតបណ្តោយ ពីព្រោះវាជាអំពើខុសច្បាប់អន្ដរជាតិ ហើយធ្វើឱ្យខូចកិត្យានុភាព និងមុខមាត់របស់ប្រទេសកម្ពុជា ។
លើសពីនេះទៅទៀតសម្ដេចក្រឡាហោម បានណែនាំឱ្យពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវ បង្ក្រាបរាល់ការវិវត្តន៍នៃការប្រែប្រួលកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិតនិងសកម្មភាពចរាចរណ៍ជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យបានមានប្រសិទ្ធភាពខ្ពស់។
សំឡេង៖«បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរនិងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់សំដៅគ្រប់គ្រងកាត់ផ្ដាច់ចរន្តនៃការជួញដូរប្រើប្រាស់គ្រឿងញៀនអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចនិងមន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់។ឆ្នាំ ២០២១ កន្លងទៅនេះកងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងធំៗមួយចំនួន តែឧក្រិដ្ឋជនគ្រឿងញៀន បានប្រើប្រាស់សារធាតុគីមីនាំចូលមួយចំនួនដើម្បីលួចលាក់ផ្សំកែច្នៃផលិតគ្រឿងញៀនខុសច្បាប់»។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្ក្រាប រាល់ការវិវត្តន៍នៃការប្រែប្រួលកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិតនិងសកម្មភាពចរាចរណ៍ជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គ្រឿងញៀនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនក៏ជាក្រុមដែលងាយរងគ្រោះជាងគេ។គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញាស្មារតី និង ផ្លូវអារម្មណ៍របស់យុវជន ដូច្នេះការទប់ស្កាត់មិនឱ្យមានគ្រឿងញៀនធ្វើចរាចរ នៅក្នុងសហគមន៍នោះ គឺជាកត្តាចាំបាច់ និងមិនអាច ខ្វះបាន៕