រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជម្នះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងកិច្ចប្រជុំកម្រិតការងារលើកទី២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។
អនុប្រធានសម្រាប់ការសម្របសម្រួលនៃការគ្រប់គ្រងបរិស្ថាន និងព្រៃឈើនៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី Nani Hendiarti និងអនុលេខាធិការនៃការិយាល័យក្រុមយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោកស្រី Cindy Khoo បានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ដែលជាកិច្ចប្រជុំតាមដានលទ្ធផលនៃកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមករា នៅទីក្រុងប៊ីនតាន់។
យោងតាមលោកស្រី Hendiaarti បានឱ្យដឹងថា កិច្ចប្រជុំនេះពិភាក្សាទៅលើប្រធានបទចំនួនបួន គឺតម្លៃ និងទីផ្សារកាបូន ដំណោះស្រាយផ្អែកលើធម្មជាតិ និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា និងដំណោះស្រាយស្អាត និងហិរញ្ញវត្ថុបៃតង។
ទីភ្នាក់ងារព័ត៌មាន Antara របស់ប្រទេសឥណ្ឌូណេស៊ីបានដកស្រង់សម្តីរបស់លោកស្រី Hendiarti ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែកុម្ភៈថា «យើងប្តេជ្ញាធ្វើការងាររួមគ្នាជាមួយប្រទេសសិង្ហបុរីដើម្បីដោះស្រាយបញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ហើយយើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសទាំងពីរ»។
លោកស្រី Khoo បានយល់ស្របថា ប្រទេសទាំងពីរគួរតែបង្កើតគម្រោងជាក់ស្តែងឱ្យបានឆាប់រហ័សជុំវិញបញ្ហាប្រធានបទទាំងបួនខាងលើ។
យោងតាមលោកស្រី Hendiarti បានឱ្យដឹងថា នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ប្រទេសទាំងពីរបានឯកភាពគ្នាទៅលើសកម្មភាពចំនួន១១ និងកាលបរិច្ឆេទសម្រាប់កិច្ចសហប្រតិបត្តិការទៅលើប្រធានបទដែលបានពិភាក្សាចំនួន៤ ដែលនឹងដាក់បញ្ចូលទៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរ។
លោកស្រីបាននិយាយបន្ថែមថា MoU នោះត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខ៕