ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ចទាំងអស់ចូលរួមធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានជាអាទិ៍ ក្រុមហ៊ុន រោងចក សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនិង ចូលរួមការងារនេះដោយរីករាយ ព្រមទាំងផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំ គោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។
ក្នុងសារអំពាវនាវចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាជំរឿនសេដ្ឋកិច្ចលើកទី២ នៅព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពីបានធ្វើ “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ និង “អង្កេតចន្លោះជំរឿន សហគ្រាសនៅក្នុងឆ្នាំ២០១៤ ហើយក៏ជាជំរឿនសេដ្ឋកិច្ចលើកទី១ ដែលប្រើប្រាស់ថវិកាជាតិទាំងស្រុង ខណៈដែលប្រទេសកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញ ពីចំណាត់ក្រុមនៃប្រទេសមានការអភិវឌ្ឍតិចតួច។
សម្ដេចតេជោបានគូសបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំនិងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិ ពិតប្រាកដដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់សម្រាប់ការត្រួតពិនិត្យតាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំនូវគោលនយោបាយផ្សេងទៀត ជាពិសេស ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមក។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺផ្អែកតាមច្បាប់ស្ដីពីស្ថិតិ ដែលបានកំណត់ឱ្យធ្វើ “ជំរឿនសេដ្ឋកិច្ច” ក្នុងរយៈពេល១០ឆ្នាំម្ដង ជាមួយនឹងការធ្វើអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅពាក់កណ្ដាល ជំរឿន(៥ឆ្នាំម្តង) និងបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿនសេដ្ឋកិច្ច។ ទិន្នន័យទាំងអស់ដែលបានមកពីជំរឿនសេដ្ឋកិច្ច គឺជាទិន្នន័យពិតប្រាកដ ដែលបានមកពីគ្រប់អង្គភាព សេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ។
ដូច្នេះ គ្រប់ប្រទេសនៅលើពិភពលោកសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿនសេដ្ឋកិច្ចនេះ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា លទ្ធផលទិន្នន័យដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន៕