អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ីបានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន។
លោក ប៉េស្កូវ បាននិយាយថា «ស្របតាមកិច្ចព្រមព្រៀង គណៈប្រតិភូរុស្ស៊ីដែលមានតំណាងក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារផ្សេងៗទៀត រួមទាំងរដ្ឋបាលប្រធានាធិបតីផងដែរនោះ បានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន»។
លោកបានបញ្ជាក់ថា «យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាទាំងនេះនៅក្នុងទីក្រុង Gomel»។
ក្រសួងការបរទេសបេឡារុស្សបានបញ្ជាក់ពីការទៅដល់របស់គណៈប្រតិភូរុស្ស៊ីនៅទីក្រុង Gomel សម្រាប់កិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែនហើយ ដោយបានកត់សម្គាល់ថា ទីក្រុង Minsk បានរៀបចំកិច្ចការងារចាំបាច់នានាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស្ស លោក Anatoly Glaz បាននិយាយថា «បាទ! យើងបានធ្វើការបញ្ជាក់ពីព័ត៌មាននេះហើយ។ ភាគីបេឡារុស្សបានរៀបចំអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់កិច្ចពិភាក្សានោះរួចរាល់អស់ហើយ និងធានាយ៉ាងពេញលេញនូវដំណោះស្រាយនៃពិធីសារ ភស្តុភារ និងបញ្ហាផ្សេងៗទៀត»៕