អាជ្ញាធរខេត្តមណ្ឌលគិរីបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះកំពុងជំរុញ ការដាំដុះដំណាំ ជាច្រើនប្រភេទដូចជា ដំឡូងបារាំង, ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិន ដើម្បីផ្គត់ផ្គង់ នៅលើទីផ្សារ ដែលអាចធ្វើជីវភាពរបស់ពួកគាត់ កាន់តែប្រសើរឡើង ។
ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានមានប្រសាសន៍ឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមិន ត្រឹមតែជាតំបន់ ដែលមានសក្តានុពលលើវិស័យទេសចរណ៍នោះទេ ថែមទាំងជាតំបន់ដែលអំណោយផលបំផុត លើវិស័យកសិកម្ម ដោយសារតែដីមានជីជាតិគ្រប់គ្រាន់ ធ្វើឱ្យបន្លែនៅទីនោះ មានរសជាតិឆ្ងាញ់ជាងបន្លែដែលដាំនៅបណ្តាខេត្តដទៃទៀត។
លោកបានបន្តថា ដំណាំដែលប្រជាពលរដ្ឋដាំដុះបានល្អ និងទទួលបានទិន្នផលខ្ពស់រួមមាន៖ ដំឡូងបារាំង, ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិនជាដើម ដែលបន្លែនិងផ្លែឈើទាំងអស់នេះ ពិតមានឱជារសឈ្ងុយឆ្ងាញ់ និងមានអតិថិជនគាំទ្រច្រើន ដោយសារតែ ជាផលិតផលដែលដាំដុះតាមបែបធម្មជាតិ មិនមានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ ។
នៅពេលបច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគិរីមានសក្តានុពល គឺផ្នែកទៅកសិកម្មគឺយើងដាំដំឡូងបារាំង គឺចម្លែកដែរ នៅ ប្រទេសកម្ពុជាយើង មិនមានដីណាដែលដាំដំឡូងបារាំងហើយបានភោគផល តែនៅមណ្ឌលគិរីយើង បានដាំដំឡូងបារាំង ហើយយើងមានសក្តានុពលបន្លែដែលឆ្ងាញ់ដូចជាស្ពៃក្តោប ហើយយើងមានផ្លែប័រ យើងមានក្រូចផាសិនហ្នឹង ក៏មានរសជាតិឆ្ងាញ់ ដែរ គឺមានរសជាតិមួយប្លែកខុសពីគេ នេះជាសក្តានុពលដ៍ល្អនៅក្នុងខេត្តមណ្ឌលគិរីយើងនេះ។
លោកក៍បានបញ្ជាក់ផងដែរថា ដំណាំដំឡូងបារាំងប្រជាកសិករ អាចលក់បានក្នុងតម្លៃចាប់ពី៥០០០រៀលទៅ៦០០០រៀល ក្រូចផាសិនមានតម្លៃ៨០០០រៀល ស្ពៃក្តោបមានតម្លៃ ៥០០០រៀល និងផ្លែប័រមានតម្លៃចន្លោះពី១២០០០រៀល ទៅ១៥០០០រៀល ក្នុងមួយគីឡូក្រាម៕