ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី១ ខែមីនាថា ជនជាតិថៃចំនួន ១៤២នាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែន ដោយក្នុងនោះមាន ១០៣នាក់កំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាពនៅក្នុងទីក្រុង Warsaw នៃប្រទេសប៉ូឡូញ និង ៣៩នាក់ផ្សេងទៀតនៅក្នុងទីក្រុង Bucharest នៃប្រទេសរ៉ូម៉ានី។
ក្រសួងនេះបាននិយាយថា ប្រជាជនដែលត្រូវបានជម្លៀសចំនួន ៣៨នាក់បានចាកចេញពីទីក្រុង Bucharest កាលពីថ្ងៃទី១ ខែមីនា ហើយនឹងមកដល់ផ្ទះវិញតាមជើងហោះហើរលេខ TG923 របស់ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវេយ៍អន្តរជាតិ នៅវេលាម៉ោង ៦:២៥នាទីព្រឹកថ្ងៃទី២ ខែមីនានេះ។
ក្រុមទីពីរនៃប្រជាជនចំនួន ៥៨នាក់នឹងហោះហើរពីទីក្រុង Warsaw នៅថ្ងៃទី១ ខែមីនា ហើយនឹងមកដល់តាមជើងហោះហើរលេខ EK384 របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត នៅវេលាម៉ោង ១២:៥៥នាទីយប់ថ្ងៃទី២ ខែមីនានេះ។
ប្រជាជនថៃផ្សេងទៀតដែលកំពុងជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែននៅតែមានសុវត្ថិភាព ហើយប្រជាជនថៃចំនួន ៣៥នាក់បានចាកចេញពីទីក្រុងនានារួចរាល់អស់ហើយ រួមទាំងទីក្រុងគៀវផងដែរ។ ក្រសួងនេះបាននិយាយថា ប្រជាជនថៃភាគច្រើនដែលចាកចេញពីប្រទេសអ៊ុយក្រែនតាមរយៈរថភ្លើង ពីព្រោះការធ្វើដំណើរតាមរថយន្តមានហានិភ័យ និងយឺតយ៉ាវខ្លាំងដោយសារការកកស្ទះ៕