យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានឱ្យដឹងថា ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ចំនួន ១០០ ០០០នាក់ ក្នុងអំឡុងពេលនៃពិធីបុណ្យសង្រ្កានឆ្នាំថ្មីនៅពាក់កណ្តាលខែមេសាខាងមុខនេះ ដែលជាសេណារីយ៉ូដ៏អាក្រក់បំផុត។
នាយកដ្ឋាននេះបាននិយាយថា មិនថាកម្រិតនៃករណីឆ្លងថ្មីមានការធ្លាក់ចុះ ឬកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនោះទេ តែវាអាស្រ័យទៅលើរបៀបនៃវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុម័ត ដោយបាននិយាយបន្ថែមថា វិធានការរឹតបន្តឹងទាំងនោះរួមមានវិធានការចៀសវាងនូវសកម្មភាពជាក្រុម ការធ្វើការពីផ្ទះឱ្យកាន់តែច្រើន ការពន្យារពេលសម្រាប់ការធ្វើដំណើរដែលមិនសំខាន់ ការរក្សាអត្រាចាក់វ៉ាក់សាំងខ្ពស់ ការវាយតម្លៃ និងការអនុវត្តវិធានការ VUCA (Vaccine, Universal Prevention, COVID-19 Free Setting and ATK)។
DDC បាននិយាយថា ទស្សនវិស័យសុទិដ្ឋិនិយមបំផុត គឺការប្រុងប្រយ័ត្នខ្ពស់ដែលត្រូវបានអនុវត្តយ៉ាងពេញលេញ ដោយនៅក្នុងករណីនេះ ការឆ្លងប្រចាំថ្ងៃនឹងមានការថយចុះ ហើយត្រូវបានរក្សាឱ្យនៅក្នុងកម្រិតប្រមាណ ២០ ០០០នាក់ចាប់ផ្តើមពីពាក់កណ្តាលខែនេះ។
នៅក្នុងទស្សនវិស័យដែលមិនសូវមានសុទិដ្ឋិនិយមនេះ ការប្រុងប្រយ័ត្នខ្ពស់កំពុងត្រូវបានអនុវត្តនៅក្នុងកម្រិតនាពេលបច្ចុប្បន្ន ដោយករណីឆ្លងថ្មីប្រចាំថ្ងៃត្រូវបានព្យាករថានឹងកើនឡើងដល់ ៥០ ០០០នាក់រហូតដល់ពិធីបុណ្យសង្រ្កានឆ្នាំថ្មី។
DDC បាននិយាយថា នៅក្នុងសេណារីយ៉ូករណីដ៏អាក្រក់បំផុតដែលការប្រុងប្រយ័ត្នខ្ពស់មិនត្រូវបានអនុវត្តគ្រប់គ្រាន់នោះ ករណីឆ្លងថ្មីប្រចាំថ្ងៃអាចនឹងកើនឡើងដល់ ១០០ ០០០នាក់ជារៀងរាល់ថ្ងៃរហូតដល់ពាក់កណ្តាលខែក្រោយ។
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកុម្ភៈ លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបាននិយាយថា អ្នកដែលមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាគួរតែស្នាក់នៅក្នុងផ្ទះ ហើយមិនបាច់ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទេ ដោយត្រូវរក្សាទុកគ្រែសម្រាកព្យាបាលសម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់៕