សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» និងទទួលយកវ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីបង្កើនភាពស៊ាំក្នុងសារពាង្គកាយប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។
ថ្លែងក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅក្នុងបរិបទកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មីអូមីក្រុងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចង់ចាំ និងបន្ដអនុវត្ដការការពារ៣កុំ ៣ការពារ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ជាពិសេសត្រូវនាំកូនៗទៅទទួលការចាក់វ៉ាក់សាំង ទោះបីជំងឺអូមីក្រុងប្រភេទថ្មីមានសភាពស្រាលជាងដែលតា និងអាល់ហ្វាក៏ដោយ។
«អ៊ីចឹងបានជាបញ្ហាទាក់ទិនជាមួយនឹងរឿងកូវីដនេះ ខ្ញុំយកឱកាសនេះគឺអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងបន្តប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារនិងការទទួលយកចាក់សាំងឱ្យគ្រប់តាមការកំណត់។ ក្នុងនោះប្រជាពលរដ្ឋរបស់យើងដែលបានទទួលវ៉ាក់សាំងរួចហើយ ទាំងដូសទី១ និងដូសទី២ មានរហូតដល់ជាង ៩១ ភាគរយ ហើយអ្វីដូចគ្នាគួរមានមោទនភាពនោះ គឺកុមារអាយុ ៣ ឆ្នាំ ៤ ឆ្នាំ ដែលទើបតែឱ្យចាក់នៅថ្ងៃទី២៣ កន្លងទៅ មកដល់ពេលនេះ ចាក់បានជិត ៣០ភាគរយ ២៨ ភាគរយជាង។ ដំបូងខ្ញុំព្រួយខ្លាចតូចពេកខ្លាចម្ជុល ប៉ុន្តែទីចុងបំផុតមើលទៅលេខថ្ងៃទី ១ និងថ្ងៃទី២ ចាក់បាន ២០ភាគរយ ព្រោះពីមុនដែលតា និងអាល់ហ្វា តែមនុស្សចាស់ ប៉ុន្តែបើអូមីក្រុងវាវ៉ៃតម្រង់ទិសដៅ២ ទី១ កូនក្មេង ទី២មេដឹកនាំ»។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជានៅមានវ៉ាក់សាំងនៅក្នុងឃ្លាំងជិត៨លានដូស ហើយសម្ដេចនឹងបន្តការខិតខំ ដើម្បីនាំចូលវ៉ាក់សាំងមកក្នុងប្រទេសកម្ពុជា នៅក្នុងឆមាសទីមួយប្រមាណជា៨ លានដូសបន្ថែមទៀត ដើម្បីធានាថានៅក្នុងឃ្លាំងមានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងមនុស្សចាស់ និងកូនក្មេងអាយុ៣ឆ្នាំឡើងលើឱ្យបានគ្រប់គ្រាន់៕