សម្ដេចតេជោ ហ៊ុន សែនបានបន្តអំពាវនាវដល់ប្រជា ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិខ្លួន ឯងនិងអ្នកដទៃ ដែលបណ្តាល មកពីការបើកបរមិនគោរពច្បាប់។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជិត ១៣៥គីឡូម៉ែត្រនៅព្រឹកថ្ងៃទី ២ ខែមីនាឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងឆក់យកអាយុជីវិតប្រជាពលរដ្ឋលឿនជាងជំងឺកូវីដ១៩ទៅ ទៀតដោយយ៉ាងហោច ណាស់មានមនុស្ស៥នាក់ក្នុងមួយថ្ងៃបានស្លាប់និងរបួសជាច្រើននាក់ហើយខូចដល់ទ្រព្យសម្បត្តិសាធារណៈផ្សេងៗជាច្រើនដោយសារគ្រោះ ថ្នាក់លើដងផ្លូវនេះ។
សម្ដេចមានប្រសាសន៍បន្តថា កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនដោយ សារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងសភាពស្រវឹង ដឹកលើសទម្ងន់និងបើកលើសល្បឿនកំណត់ជាដើម។តាមរយៈនេះសម្ដេចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីបន្ថយអត្រាការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។ សំឡេង:«អ៊ីចឹងទេសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍កុំដឹកលើសទម្ងន់ហើយក៏កុំបើកល្បឿនលឿនហួសថ្ងៃនេះតាមសម្ដេចក្រឡាហោម ស ខេង រុញព័ត៌មានមក គ្រោះ ថ្នាក់ចរាចរណ៍ដូចជាស្លាប់ ៦នាក់របួស ៧នាក់កាលពីម្សិលមិញអ៊ីចឹងបានសេចក្តីថា ម្សិលមិញអ្នកស្លាប់ដោយសារកូវីដអត់មានទេពីរថ្ងៃជាប់គ្នាហើយយើងអត់មានអ្នកស្លាប់ដោយសារកូវីដទេប៉ុន្តែស្លាប់ដោយសារនិងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍គឺមានរាល់ថ្ងៃ។អ៊ីចឹងទេបើគ្រាន់តែការសប្បាយហើយនាំទៅដល់គ្រោះថ្នាក់គឺវាមិនគួរគប្បីទេហើយខ្ញុំសង្ឃឹមថាយើងគោរពទៅដល់ច្បាប់ចរាចរណ៍ហើយបន្តអនុវត្តបើស្រវឹងកុំបើកបរ»។
សូមបញ្ជាក់ថា ក្រមសីលធម៌ទាំង១០ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានណែនាំ ក្នុង នោះមាន « មិន៤» គឺមិនត្រូវបើកបរហួសល្បឿនកំណត់ , មិនត្រូវបើក បរក្រោមឥទ្ធិពលជាតិស្រវឹង , មិនត្រូវបើកបរដោយការប្រើប្រាស់គ្រឿងញៀននិងមិនត្រូវបើកបរក្នុងស្ថានភាពងងុយ។ចំណែក«ត្រូវ ទាំង៦» គឺត្រូវបើកបរឱ្យបានត្រឹមត្រូវតាម ច្បាប់កំណត់ , ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលសម្រាប់អ្នកជិះម៉ូតូ , ត្រូវពាក់ខ្សែក្រវាត់សម្រាប់អ្នកបើកបរយានយន្ត , ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច , ត្រូវត្រួតពិនិត្យ លក្ខណៈ យានយន្តមុនចេញដំណើរ និងត្រូវបើកបរដោយការប្រុងប្រយ័ត្ន ៕