នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva និងប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ធនាគារពិភពលោកកំពុងរៀបចំកញ្ចប់ថវិកាជំនួយមួយសម្រាប់ប្រទេសអ៊ុយក្រែនដែលមានចំនួនសរុប ៣ប៊ីលានដុល្លារអាម៉េរិក ហើយកំពុងសិក្សាអំពីសំណើរបស់អ៊ុយក្រែនសម្រាប់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ស្ថាប័នរបស់យើងកំពុងធ្វើការងាររួមគ្នាដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែនលើផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយ ហើយកំពុងបង្កើនការគាំទ្រនោះជាបន្ទាន់។ យើងបានទាក់ទងជារៀងរាល់ថ្ងៃជាមួយអាជ្ញាធរចំពោះវិធានការទៅលើវិបត្តិនេះ»។
យោងតាមសេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា IMF កំពុងឆ្លើយតបទៅនឹងសំណើរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការផ្តល់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់តាមរយៈឧបករណ៍ផ្តល់ហិរញ្ញប្បទានរហ័ស ដែលក្រុមប្រឹក្សាភិបាលរបស់ខ្លួនអាចធ្វើការពិចារណាឱ្យបានឆាប់នៅដើមសប្តាហ៍ក្រោយ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «សម្រាប់ធនាគារពិភពលោកវិញ យើងកំពុងរៀបចំកញ្ចប់ថវិកាជំនួយចំនួន ៣ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយចាប់ផ្តើមជាមួយនឹងប្រតិបត្តិការគាំទ្រថវិកាដែលផ្តល់ឱ្យយ៉ាងឆាប់រហ័សដែលមានចំនួនយ៉ាងហោចណាស់ ៣៥០លានដុល្លារអាម៉េរិក ដែលនឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តនៅក្នុងសប្តាហ៍នេះ បន្ទាប់មក គឺថវិកាចំនួន ២០០លានដុល្លារអាម៉េរិកនៅក្នុងការផ្តល់ជំនួយយ៉ាងឆាប់រហ័សសម្រាប់វិស័យសុខភាព និងការអប់រំ»៕