នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរដល់ លោក យឹម សៀប ដែលកន្លងមក លោកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ខ្លួនបាន យ៉ាងល្អ ក្នុងការរួមចំណែកជាមួយឯកឧត្តម លោកជំទាវ នៅរដ្ឋបាលខេត្ត ដើម្បីចូលរួម អភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង។
ឯកឧត្តម បានផ្ដាំផ្ញើដល់លោក ខូយ រីដា ដែលទើបបានផ្ទេរភារកិច្ចមកខេត្តបាត់ដំបង ខិតខំបន្តចូលរួមក្នុងការអភិវឌ្ឍខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាពពេញលេញ ធ្វើឱ្យ មានការអភិវឌ្ឍ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្ននេះ សម្ដេចបានដាក់ ចេញនូវយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍នៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំង ដោយអនុវត្តន៍នូវយុទ្ធសាស្រ្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍អបអរសាទរ ចំពោះលោក ខូយ រីដា ឋានន្តរស័ក្ដិឧត្តមមន្រ្ដី ថ្នាក់លេខ៤ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្ត ពោធិ៍សាត់ មកទទួលភារកិច្ចជាអភិបាលរងខេត្តបាត់ដំបង បន្តជួយការងារដឹកនាំនៅ ខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរកាន់មុខតំណែងថ្មីនៅក្រសួងមហាផ្ទៃ៕