យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់ក្រុមជួរមុខ និងប្រជាពលរដ្ឋ ដោយសម្រេចបាន ៩៩៤ ១១៩ នាក់ ខណៈពេលដែល វ៉ាក់សាំងដូសជំរុញទី៣ សម្រេចបាន ៧ ៣៧១ ៥៧៣ នាក់ គិតត្រឹមយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៤៧ ៣៨៩ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៨៩៦ ១៥៣ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៤៧% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៦ ៧០៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៧ ៤៧៤ នាក់ ដែលស្មើនឹង ៩៩.៩៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៣ ២៥១ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៤៧ ០៣៨ នាក់ ដែលស្មើនឹង ១០៧.១៦% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៥៩ ៧៩១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦២ ៨៤៤ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៨.២៣% ហើយចំពោះការចាក់ដូសជំរុញ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២១១ ៨២៣ នាក់ ដែលស្មើនឹង ៣៤.៦៨% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៦៧៨ ៩៦០ នាក់ នៅកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ ដែលស្មើនឹង ៩១.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ ស្ថិតិនៃការចាក់វ៉ាក់សាំងទាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕