ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ត្រូវបង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ បន្ថែមទៀត។
សម្តេចតេជោ ក៏បានអំពាវដល់ជនរួមជាតិ ត្រូវបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ និងសូមទៅចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ទៅតាមពេលវេលាដែលណែនាំ និងកំណត់ដោយក្រសួងសុខាភិបាល (សម្រាប់អ្នកចាក់ដូសទី៣ ត្រូវមានគម្លាត៤ខែ បន្ទាប់ពីបានចាក់ដូសទី២ និងសម្រាប់អ្នកចាក់ដូសទី៤ ត្រូវមានគម្លាត៤ខែដូចគ្នា បន្ទាប់ពីបានចាក់ដូសទី៣) ហើយចំពោះអាណាព្យាបាល ឬឪពុក-ម្តាយ ត្រូវបន្តនាំកូនៗអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ ដើម្បីការពារកុមារតូចៗ ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍។
គិតត្រឹមថ្ងៃទី០៦ ខែមីនា ម្សិលមិញនេះ ប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ មានចំនួន ៧ ៤២៨ ១៤៤ នាក់ និងដូសទី៤ មានចំនួន ១ ០២៧ ៥៨០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៤៨ ៥៩២ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៨៩៧ ២៧២ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៤៩% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៦ ៩៣៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៧ ៨៤៩ នាក់ ដែលស្មើនឹង ៩៩.៩៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៤ ០៦១ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៤៧ ៩៩២ នាក់ ដែលស្មើនឹង ១០៧.២០% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦១ ១៨៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៣ ៣២០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៨.៦៩% ហើយចំពោះការចាក់ដូសជំរុញ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២២២ ៤០៤ នាក់ ដែលស្មើនឹង ៣៦.៤២% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៦៩៣ ១៧៤ នាក់ នៅកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩១.៨៣% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ ស្ថិតិនៃការចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕