ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ត អំពាវនាវដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឱ្យមានបទឈប់បាញ់នៅនឹងកន្លែង និងងាកទៅរកការចរចា ដើម្បីបញ្ចប់នូវជម្លោះ ។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គោលការណ៍ធំ២នៅក្នុងការសម្រេចចិត្តរបស់កម្ពុជា នៅក្នុងជម្លោះរុស្ស៊ីនិង អ៊ុយក្រែននេះគឺ ទី១ មិនមានការលើកទឹកចិត្តឱ្យមានការបំបែករដ្ឋ និងទី២ មិនគាំទ្រឬប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង ដោយអំពាវនាវឱ្យមានការចរចា ខណៈដែលមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបានទេ។
សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលត្រូវធ្វើ នោះគឺការធ្វើបទឈប់បាញ់ជាបន្ទាន់ភ្លាម គឺឈប់បាញ់នៅនឹងកន្លែង ហើយជាមួយគ្នា នោះ គឺត្រូវធ្វើការចរចា ដោយម្ខាងចរចាជាមួយរុស្សី-អ៊ុយក្រែន និងម្ខាងទៀតចរចាជាមួយណាតូ។ សម្តេចតេជោ បានបន្តថា រុស្ស៊ី មិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឱ្យអស់ពីទឹកដីនោះដែរ ដូច្នេះបើមិន ឆាប់រកដំណោះស្រាយទេ នោះពិភពលោកនឹងមានវិបត្តិយ៉ាងធ្ងន់ធ្ងរជាពិសេស គឺវិបត្តិសេដ្ឋកិច្ចពិភពលោក ។
« ឥឡូវនេះសង្គ្រាមកាន់តែបន្តសាហាវទៅៗ ខ្ញុំក៏ប្រាប់ទៅ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សាបន្ទាន់ជាមួយនឹងដៃគូក្នុងអាស៊ាន អំពាវនាវឱ្យមាន ការឈប់បាញ់ ខ្ញុំមិនជឿថារុស្សីអាចយកឈ្នះសង្រ្គាមនៅអ៊ុយក្រែនបានទេ ខ្ញុំអត់ជឿ ហើយអ៊ុយក្រែនក៏មិនអាចសម្លាប់កងទ័ពរុស្សី អស់នៅលើទឹកដីអ៊ុយក្រែនដែរ គឺពិតជាយ៉ាងដូច្នេះ។ អ៊ីចឹងទេជម្រើសដែលល្អជាងគេ គឺជម្រើសទាក់ទិនជាមួយនឹង ការចរចា ហើយដើម្បីចរចាបាន ត្រូវចាប់ផ្តើមពីបទឈប់បាញ់។ ពិតហើយរុស្សីជាមួយអ៊ុយក្រែនបានព្រមព្រៀងគ្នាទៅលើ ច្រករបៀងនៃការ ឈប់បាញ់ ក៏ប៉ុន្តែបានអនុវត្តន៍ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជននិងដឹកម្ហូបអាហារ ដោះស្រាយវិបត្តិមនុស្សធម៌ ប៉ុន្តែបទឈប់បាញ់នេះត្រូវបាន បាញ់ឡើងវិញ។ អ៊ីចឹងអ្វីដែលជាការបន្តតាមក្រោយនៃសេចក្តីថ្លៃងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន យើងអំពាវនាវឱ្យមានការឈប់បាញ់ បើមិនទាន់ធ្វើអ្វីបានឈប់បាញ់នៅនឹងកន្លែង ពាក្យដែលប្រើក្នុងសេចក្តីថ្លៃងការណ៍អាស៊ាន គឺប្រើត្រឹមតែពាក្យឈប់បាញ់ ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់និយាយទៅដល់ពាក្យឈប់បាញ់នៅនឹងកន្លែង បានន័យថា កម្លាំងដែលនៅកន្លែងណាត្រូវនៅកន្លែងនោះ ប៉ុន្តែផ្អាកបាញ់ ដើម្បីកាត់បន្ថយមហន្តរាយសម្រាប់ប្រជាពលរដ្ឋ» ៕