បាត់ដំបង÷គណបក្សប្រជាជនកម្ពុជា សម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា បន្ទាប់ពីចូល រួមដណ្ដើមឯករាជ្យពីបារាំង ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួប បង្រួមជាតិ និងការអភិវឌ្ឍ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងបានបញ្ជាក់ថា គណ បក្សប្រជាជនកម្ពុជាកើតចេញ ពីប្រជាជនដើម្បីប្រជាជន ជា គណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។
សម្ដេចក្រឡាហោមសង្កត់ ធ្ងន់ថា ស្នាដៃធំៗទាំងនោះរួម មាន ការចូលរួមដណ្ដើមឯក រាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិ ភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍រម្លឹកជូនអង្គពិធីអំពីស្ថានភាពភូមិសាស្រ្តស្រុកបវេល កាល ពីអតីតកាល ជាពិសេសនៅ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលជាមួយកងទ័ពខ្មែរក្រហម រហូតមានការដាក់ចេញនយោបាយឈ្នះៗ ទើបស្រុកបវេលនិយាយដោយឡែក និងទូទាំងប្រទេសនិយាយជារួមបានស្គាល់នូវសុខសន្តិភាពទូទាំងប្រទេស ដែលជាកត្តានាំមកនូវការអភិវឌ្ឍ និងរីក ចម្រើន ក្នុងនោះក៏មានស្រុកបវេលនេះដែរ។
សម្ដេចមានប្រសាសន៍បន្តថាការរម្លឹកដល់អតីតកាលដ៏ឈឺ ចាប់ខ្លោចផ្សាពីអតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់រហូតធ្វើឱ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេស ជាតិ គឺគណបក្សប្រជាជនកម្ពុជា៕