សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បញ្ជាក់សាជាថ្មីថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា ខណៈប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ឬ ដូសទី៤ ដែលអាចធានាបានថា មានភាពស៊ាំក្នុងសហគមន៍ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា វ៉ាក់សំាងគឺជាសេដ្ឋកិច្ច ហើយប្រសិនបើគ្មានវ៉ាក់សាំង ឆ្នាំនេះក៏មិនមានការរៀបចំពិធី បុណ្យចូល ឆ្នាំខ្មែរដែរ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានមនុស្សស្លាប់ផងដែរ។ ប៉ុន្តែនៅឆ្នាំនេះការចូលឆ្នាំ គឺនៅតែបន្តជាធម្មតា ព្រោះជាក់ស្តែង ថ្ងៃឈប់សម្រាកសៅរ៍-ថ្ងៃអាទិត្យ រយៈពេល២ថ្ងៃមកនេះ មានប្រជាពលរដ្ឋ១៩ម៉ឺននាក់ ដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងទូទាំងប្រទេស។
សម្តេចបន្ថែមថា វ៉ាក់សំាងនេះ គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពសាំក្នុងសហ គមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនអាចដំណើរការបានដែរ។
«បើអត់មានការចាក់វ៉ាក់សាំងទេ ភាពស៊ាំក្នុងសហគមន៍ក៏មិនមានដែរ ដូច្នេះនៅពេលដែលអត់មានបែបហ្នឹង តើយើងតើឱ្យយើងធ្វើទំនាក់ទំនងបើកទីផ្សារយ៉ាងម៉េច បើកសេដ្ឋកិច្ចយ៉ាងម៉េច ធ្វើទំនាក់ទំនងយ៉ាងម៉េចជាមួយបរទេស ហើយតើបរទេសហ៊ានចូលដែរឬទេ? ដោយយប់មិញនេះ កែជាលើកដំបូងក្នុង រយៈពេលប៉ុន្មានខែដែលមានការបិទជើងយន្តហោះ ដែលយន្តហោះពាណិជ្ជកម្មមួយគ្រឿង បានចុះចតនៅខេត្តព្រះសីហនុ ដោយប្រមាណរយៈកន្លងមកនេះ គឺចុះនៅភ្នំពេញ និងខេត្តសៀម រាបតែប៉ុណ្ណោះទេ ប៉ុន្តែឥឡូវ នេះបែរជាមានចុះមួយជើងនៅខេត្តព្រះសីហនុ ដូច្នេះបន្ទាប់ទៅនឹងមានចុះជាបន្ត បន្ទាប់ទៀត។
ហើយទោះបីជាទេសចរមិនទាន់បានធំទូលាយ ក៏ប៉ុន្តែការធ្វើដំណើរមកកាន់កម្ពុជា ដើម្បីនឹងធ្វើការវិនិយោគ និងមានភាពងាយស្រួល ព្រោះនៅកម្ពុជាអត់មានតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ អ្នកដែលធ្វើចត្តាឡីស័ក គឺ អ្នកដែលមិនបានចាក់វ៉ាក់សាំង ប៉ុន្តែអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ យើងគ្រាន់តែធ្វើតេស្តរហ័សរួច ហើយឃើញអវិជ្ជមានអនុញ្ញាតឱ្យគេធ្វើដំណើរតែម្ដង ។»
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់វ៉ាក់សាំងជូនដល់កម្ពុជា ហើយសម្ដេចបន្ដថា បើទោះបីកម្ពុជា អត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំង ដែលហួសសុពលភាពនោះឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះ នឹងរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយ សារតែការរាតត្បាតជំងឺកូវីដ១៩៕