យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានបងប្អូនប្រជាពលរដ្ឋចំនួន ១៣ ៨៦៩ ៤២១ នាក់ បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញវិញ បងប្អូនប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ មានចំនួន ៧ ៤៧៩ ៦៥៧ នាក់ និងដូសទី៤ មានចំនួន ១ ០៣៨ ១០៥ នាក់ ហើយដែលបាននិងកំពុងបង្កើនល្បឿនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តអំពាវនាវសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ដែលនេះគឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទនៃវីរុសបំប្លែងថ្មីអូមីក្រុង។
ជាមួយគ្នានេះ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥០ ០៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៨៩៨ ៤៦៧ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥០% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ២៤៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៨ ១៣៩ នាក់ ដែលស្មើនឹង ៩៩.៩៩% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៤ ៩៦៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៤៩ ០៤៥ នាក់ ដែលស្មើនឹង ១០៧.២៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦២ ៩១១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៣ ៧៧០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៩.២៥% ហើយចំពោះការចាក់ដូសជំរុញ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៣៣ ១៩៩ នាក់ ដែលស្មើនឹង ៣៨.១៨% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ ចំនួនពីរសប្តាហ៍បន្ទាប់។
ជាសរុបរួម ប្រជាពលរដ្ឋប្រមាណ ៩១.៩៣% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕