លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២២ ខួបទី ១១១ របស់សមាគមនារី និងក្រុមការងារចលនាស្ត្រីខេត្តកណ្តាល ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។
ពិធីនេះ បានធ្វើឡើងនៅខេត្តកណ្តាល នាព្រឹកថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២២ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ដែលត្រូវបានលើកឡើង ក្នុងឆ្នាំនេះ ជាប្រធានបទមួយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយបានបញ្ជាក់អំពីតម្លៃនៃការទទួលបានមកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាន នូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមថា សម្រាប់ប្រធានបទទិវាសិទ្ធិនារីឆ្នាំនេះ នឹងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តន៍វិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ ៕