ក្រុមអ្នកចរចារបស់រុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពជុំទីបីរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃចន្ទ។
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយក្រោយពេលកិច្ចពិភាក្សាថា «កិច្ចពិភាក្សាបានបន្តទៅលើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពិបាក។ វាលឿនពេកក្នុងការនិយាយអំពីអ្វីដែលវិជ្ជមាន»។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកចរចារបស់រុស្ស៊ីបាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់លាក់នានាផងដែរ ប៉ុន្តែភាគីអ៊ុយក្រែនមិនអាចចុះហត្ថលេខាបាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះត្រឡប់ទៅផ្ទះវិញដើម្បីសិក្សា។
លោក មេឌីនស្គី បាននិយាយបន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងនៅឯទីក្រុង Belovezhskaya Pushcha នៅព្រំដែនរវាងប្រទេសបេឡារុស្ស-ប៉ូឡូញ ថា «និយាយឱ្យត្រង់ទៅ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សានេះមិនត្រូវបានសម្រេចនោះទេ។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលក្រោយយើងនឹងអាចបោះជំហានទៅមុខយ៉ាងសំខាន់»។
លោកបាននិយាយថា ភាគីទាំងពីរបានដោះស្រាយបញ្ហានៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាដល់ប្រទេសរុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការនៅថ្ងៃអង្គារ។
លោក Mykhailo Podoliak ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ចចរចារថា «មានការវិវឌ្ឍជាវិជ្ជមានមួយចំនួននៅពេលនិយាយអំពីការធ្វើឱ្យប្រសើរឡើងនូវភស្តុភារនៃច្រករបៀងមនុស្សធម៌»។
លោក Podoliak បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «នៅថ្ងៃនេះ មិនមានលទ្ធផលណាដែលធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំអាចបញ្ជាក់ម្តងទៀតថា កិច្ចពិគ្រោះយោបល់នឹងនៅតែបន្ត»៕