យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៣ សម្រេចបាន ៧ ៥៤០ ៩៤០ នាក់ និងដូសទី៤ សម្រេចបាន ១ ០៥៤ ៦៧៣ នាក់ គិតត្រឹមយប់ថ្ងៃម្សិលមិញនេះ។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។
ជាមួយគ្នានេះ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥០ ៨៤៣ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០០ ២៣០ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥១% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ៤៩៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៨ ៥២៨ នាក់ ដែលស្មើនឹង ១០០.០១% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៦ ១៨៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥០ ២៦៦ នាក់ ដែលស្មើនឹង ១០៧.៣២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦៤ ៦៧៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៤ ៣៦៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៩.៨៣% ហើយចំពោះការចាក់ដូសជំរុញ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ស្អែកនេះ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៤៥ ៦២៣ នាក់ ដែលស្មើនឹង ៤០.២២% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ បានចំនួនពីរសប្តាហ៍ ។
ជាសរុបរួម ប្រជាពលរដ្ឋចំនួន ៩២.០៣% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕