សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្នើដល់ស្ថាប័នពាក់ព័ន្ធបង្កើនការ រៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឱ្យបានគ្រប់ គ្រាន់ តាមដងផ្លូវ ដើម្បីក្រើនរម្លឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឱ្យគោរពច្បាប់ និងមានការប្រុង ប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការស្នើរបស់សម្ដេចក្រឡាហោមនេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។ សម្ដេចក្រឡាហោមបានអះអាងថា ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀប នឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់។ ដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។
បើតាមសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែល អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។ សម្ដេចក្រឡាហោមបានថ្លែងថា “ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់ សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម”។
សម្ដេចក្រឡាហោមក៏បានអំពាវនាវបងប្អូនជនរួមជាតិ សូមចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានក្រើនរម្លឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍, គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប, បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់, បើស្រវឹង សូមកុំបើកបរ, គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ, គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ និងការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕