សម្តេចក្រឡាហោម ណែនាំអភិបាលខេត្ត និងអភិបាលស្រុក ត្រូវចុះទៅមូលដ្ឋានដោយផ្ទាល់ ស្វែង យល់ពីទុក្ខលំបាករបស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងមកមាន ចៅហ្វាយខេត្តមួយចំនួន មិនចុះទៅមូលដ្ឋានផ្ទាល់ទើបមិនស្គាល់មូលដ្ឋានខ្លួនឯង ដូច្នេះសម្តេចក្រឡា ហោមបានណែនាំដល់អភិ បាលខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវចុះមូលដ្ឋានត្រូវទាំងកំណត់គោលដៅឱ្យបានច្បាស់ រាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយទៅតាមលទ្ធភាពនិងសមត្ថភាពដែលអាចធ្វើទៅបាន។
សម្តេចក្រឡា ហោមបញ្ជាក់ថា ចៅហ្វាយ ខេត្ត និងចៅហ្វាយស្រុក ដែលពុំស្គាល់មូលដ្ឋានពិតជាមានការលំបាក ហើយការងារនេះ មិនអាចមើលស្រាលបាននោះទេ ព្រោះថាប្រសិនបើមិនស្គាល់មូលដ្ឋានមានន័យថា ចៅហ្វាយខេត្តមិនដែលបានចុះទៅសាកសួរសុខទុក្ខប្រជា ពលរដ្ឋ មិនដឹងពីការរស់នៅ ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ។
« ចៅហ្វាយខេត្តក្ដី ចៅហ្វាយស្រុកក្តី បើឃុំត្រូវស្គាល់ផ្ទះប្រជាជនតែម្តង នេះគឺជារឿងធំតែម្តង នេះគឺជារបៀបរបបធ្វើការងារពិសេសរបស់យើង ដែលមិនអាចមើលស្រាលបាននោះទេ ព្រោះប្រសិនបើយើងមិនដែលស្គាល់មូលដ្ឋានរបស់យើងទេ ចឹងមានន័យថាប្រជាជនរបស់យើងរស់នៅបែបណា វេទនាយ៉ាងណា បើយើងអត់ស្គាល់ផងនោះ គាត់ចង់បានអី សំណូមពរអ្វី មានការលំបាកអ្វីគឺយើងមិនដឹងនោះទេ។ ដូច្នេះខ្ញុំសូមស្នើថា យើងទាំងអស់គ្នា គឺសុទ្ធតែស្ថិតនៅក្នុងក្រុមការងារ ហើយដូច្នេះត្រូវតែចុះមូលដ្ឋាន ហើយចុះទៅមូលដ្ឋានត្រូវតែកំណត់ឱ្យបានច្បាស់ ហើយចុះទៅដើម្បីអ្វី ជួបអ្នកណា ធ្វើអ្វីឱ្យច្បាស់ ដោយសារអ្នកខ្លះចុះហើយសកម្មដែរ ប៉ុន្តមិន ឃើញមានលទ្ធផលអ្វី។»
ទន្ទឹមនឹងនេះ សម្តេចក្រឡា ហោមបានសង្កត់ធ្ងន់ថា ការ ចែកអំណោយដល់ប្រជាពល រដ្ឋគឺជារឿងសំខាន់ហើយជាអ្វីដែលពួកគាត់ចង់បាន តែអ្វីដែលកាន់តែសំខាន់ថែមទៀតនោះ គឺការផ្តល់យុត្តិធម៌ដល់ពួកគាត់ព្រោះយុត្តិធម៌មាន តម្លៃកាត់ថ្លៃមិនបាននោះទេ៕