ការងារប្រមូលផលស្រូវ ប្រាំងរបស់បងប្អូនប្រជាពល រដ្ឋនៅក្នុងខេត្តសៀមរាបជិតសម្រេចលទ្ធផលបាន១០០ ភាគរយហើយ ទោះបីផ្ទៃដីបង្កបង្កើនផលមានការថយចុះ ប៉ុន្តែទិន្នផលវិញមិនបានថយចុះឡើយ។
លោកទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ថា ការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ សម្រាប់ឆ្នាំ២០២២នេះ ជិតបញ្ចប់មួយរយភាគរយហើយ ក្នុងទំហំផ្ទៃដីសរុបប្រមាណ ២៨,០០០ហិកតា តែការបង្កបង្កើនផលបានប្រមាណតែ២១,០០០ហិកតាប៉ុណ្ណោះ ពោលគឺប្រមាណ៨០ភាគរយនៃទំហំផ្ទៃដីបង្កបង្កើនផលសរុប ។ លោកបន្តទៀតថា ចំពោះទិន្នផលវិញ ក៏មានការគាប់ប្រសើរ មិនមានការថយចុះឡើយ ពោលគឺក្នុងមួយ
ហិកតាទទួលបានទិន្នផលប្រមាណជាង៣តោន និងចំពោះតម្លៃទីផ្សារក៏ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ ។
លោកបន្តទៀតថា ដោយសារអាកាសធាតុតែងតែមានការផ្លាស់ប្តូរមិនទៀងទាត់ពីមួយ ឆ្នាំទៅមួយឆ្នាំ ដូច្នេះមុនពេលសម្រេចចិត្តបង្កបង្កើនផលស្រូវក្នុងមួយឆ្នាំ២ទៅ៣ដង សូមប្រជាកសិករទាំងអស់ស្វែងយល់អំពីស្ថានភាពទឹកឬសេចក្តីជូនដំណឹងនានារបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យប្រឈមនឹងបញ្ហាកង្វះខាតទឹកនៅពេលចាប់ផ្តើមបង្ក បង្កើនផលស្រូវរបស់ខ្លួន។
ឆ្នាំនេះយើងប្រមូលផលបានជាង៨០ភាគរយទេ ដោយសារពីមុនមកផ្ទៃដីមួយ ចំនួន ដូចជាផ្ទៃដីដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ៩ពាន់ជាងហិកតា ក្នុងខេត្ត សៀមរាបអត់បានធ្វើទេ ទិន្នផលបើប្រៀបធៀបនឹងឆ្នាំ ទៅ ឆ្នាំនេះល្អ ទិន្នផលខ្ពស់ដែរ ៣តោនជាងប៉ុន្តែយើងអត់ទាន់បានបូកសរុបទិន្នផលមធ្យមសម្រាប់ទូទាំងខេត្តទេ មានស្រុកខ្លះ២,៨តោន ស្រុកខ្លះ៣តោនជាង ខ្លះ៤តោន ប៉ុន្តែជាទូទៅស្រូវប្រាំងដល់ខែ ៤បានយើងចប់ ប៉ុន្តែដោយ សារស្រូវបណ្តេញទឹកអត់បានធ្វើ អ៊ីចឹងយើងឆាប់ចប់ ដូចជាមិនសូវស្រកប៉ុន្មានទេគ្រាន់តែមិនសូវបានថ្លៃ តែមិនថោកប៉ុន្មានទេ នៅ៩០០ជាង ប្រហាក់ប្រហែលនឹងឆ្នាំទៅដែរមិនខុសអីពីឆ្នាំទៅ។ សំណូមពរដល់បងប្អូនដែលធ្វើស្រែប្រាំង គាត់គួរពិនិត្យ មើលទឹក ព្រោះអីបញ្ហាទឹកគឺសំខាន់ ជាពិសេសឥឡូវទឹកខាងលើក៏យ៉ាប់ ហើយទឹកតំបន់ទន្លេសាបឥឡូវនៅសល់ទឹកប្រហែលជាង១ម៉ែត្រ បញ្ហាទឹកសំខាន់ពាក់ព័ន្ធនឹងបងប្អូនដែលធ្វើស្រែប្រាំង ក៏សូមឱ្យយកចិត្តទុកដាក់ ដាក់ ជីថែបំប៉ន កាលណាអត់ទឹកស្មៅច្រើនណាស់ អ៊ីចឹងទិន្ន ផលអាចថយចុះដោយសារស្មៅ។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងឆ្នាំ២០២១ បង្ហាញថា៖ ទិន្នផលស្រូវសរុប ទាំងស្រូវ ប្រាំង និងស្រូវវស្សា ប្រមូលផលបានចំនួន ៥៧៣,៨១២ តោន ក្នុងផ្ទៃដីប្រមូលផលសរុបចំនួន ២១០,៧៦០ហិកតា។ ចំណែកផ្នែកដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរយ: ពេលខ្លី ៖ ផ្ទៃដីដាំដុះសរុបចំនួន ៤៩,៩៨៦ហិកតា បរិមាណផលសរុបចំនួន ៦៩៨, ៣១១តោន ក្នុងនោះផ្ទៃដីប្រមូលផលដំណាំបន្លែសរុបចំនួន ៣,៦៣០ហិកតា បរិមាណផលសរុបចំនួន ៣២,៨៩៩តោន ។ ដំណាំអចិន្ត្រៃយ៍ និង ដំណាំហូបផ្លែ សំខាន់ៗ ចំនួន១៩មុខ ផ្ទៃដីដាំដុះចំនួន ៣២,៤១៨ហិកតា ផ្ទៃដីប្រមូលផល ២៦,១៤១ហិកតា បរិមាណផលសរុបចំនួន ៩០,២២២ តោន៕