ដំណាំត្រសក់ស្រូវផ្អែមពូជជប៉ុន ដាំនៅក្នុងខេត្តកំពតកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ខណៈដែលដំណាំនេះ អាចយកទៅទទួលទានស្រស់ និងអាចកែច្នៃធ្វើទឹកត្រសក់ ដែលជួយថែរក្សាសុខភាពអ្នកបរិភោគ។
លោក គឹម ម៉ារិទ្ធនាយកគ្រប់គ្រងកសិដ្ឋានអាគ្រីអន បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្ដើមបើកកសិដ្ឋានដំណាំសុវត្ថិភាព អស់រយះពេល១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋមានតម្រូវការទិញច្រើនយកទៅបរិភោគ និងមានអត្ថប្រយោជន៍សម្រាប់ជួយបន្ថែមជាតិទឹកដល់សុខភាព ទាំងមនុស្សចាស់ និងក្មេង ។
លោកបានបន្ថែមថា ផ្លែត្រសក់ស្រូវផ្អែមពូជជប៉ុននេះ អាចប្រមូលផលបាន ក្រោយពីដាំក្នុងរយៈពេល៣ខែ ក្នុងមួយផ្លែមានទម្ងន់ពី ១គីឡូជាងទៅ២គីឡូក្រាមក្នុងមួយផ្លែ សម្រាប់តម្លៃវិញ គឺក្នុង១គីឡូក្រាម មានតម្លៃប្រមាណ ១៥ដុល្លារ និង ក្នុងមួយថ្ងៃលក់ចេញ តែ៥០ផ្លែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកបង្កើតកសិដ្ឋាននេះ គឺលោកចង់លើកស្ទួយជីវភាពប្រជាកសិករ ឱ្យគាត់អាចបន្ថែម គុណភាព ទិន្នផលនៃការដំាដុះដំណាំប្រភេទត្រសក់ផ្អែមនេះ ដោយត្រូវជ្រើសរើសពូជឱ្យបានត្រឹមត្រូវ ដែលងាយស្រួលក្នុងការ លក់ចេញ ហើយមានជំនឿទុកចិត្តពីអតិថិជន ខណៈដំណាំប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ញុំាជក់មាត់។
សំឡេង ៖« ដំណាំត្រសក់ស្រូវផ្អែមពូជជប៉ុនដាំនៅក្នុងខេត្តកំពត កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ទីមួយគឺចង់លើកស្ទួយ ជីវភាពប្រជាកសិករលើកស្ទួយ លើកស្ទូយចង់សំដៅថាយ៉ាងម៉េច រាល់ថ្ងៃ គាត់ដាំបានតែពីរដងទេ តែរដូវវស្សាគាត់ដាំអត់បានទេ អ៊ីចឹងហើយយើងអាចបង្រៀនឱ្យគាត់ដាំឱ្យបាន ៤ ដង ហើយបើសិនជាគាត់ដាំដំណាំស្លឹកគាត់អាចដាំបាន ១០ ដង បានន័យថា លើកកម្ពស់ទី ២ ផ្ដល់បន្លែសុវត្ថិភាពមានប្រពន្ធច្បាស់លាស់ទៅឱ្យអ្នកញ៉ាំ ការឱ្យកសិករដាំនេះយើងអាចឲ្យគាត់ដាំ គាត់ដាំនូវពូជអី គាត់ប្រើប្រាស់ជីអីនៅក្នុងរយៈពេលប៉ុន្មានគឺយើងមានការរក្សាទុកនៅក្នុងប្រព័ន្ធ នៅពេលដែលអ្នកបរិភោគគាត់ចង់ ដឹងគាត់អាច ស្គេនQRកូដបានដឹងថាមកពីប្រភពណា។
លោកបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋឱ្យជួយ គាំទ្រផលិតផល ដែលជាស្នាដៃររបស់កសិករខ្មែរយើងដាំ ដើម្បីជាការ លើកទឹកចិត្ត ដល់បងប្អូនប្រជាកសិករឱ្យចូលរួមដាំបន្ថែមទៀត ក៏ដូចជាបានចូលរួមលើកស្ទួយវិស័យកសិកម្មក្នុងស្រុកផង។
សូមបញ្ជាក់ថា កសិដ្ឋានរបស់លោកមានទីតាំងស្ថិតនៅ ស្រុកឈូក ខេត្តកំពត និងនាំយកពូជផ្ដាច់មុខមកពីប្រទេសជប៉ុន ហើយក្រៅពីនេះមានដាំដំណាំសុវត្ថិភាពជាច្រើនមុខផ្សេងទៀត រួមមាន ពោត ដំឡូងជ្វាជាដើម៕